Thianjin, ចិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅខាងក្រៅកិច្ចប្រជុំនាថ្ងៃសៅរ៍ ទី៣០ ខែសីហាថា តួនាទីរបស់ចិនក្នុងការលើកកម្ពស់ពហុភាគីនិយម គឺជាមូលដ្ឋានគ្រឹះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។
លោក Guterres បញ្ជាក់ថា «យើងឃើញថាមានទម្រង់បែបបទថ្មីនៃគោលនយោបាយ ដែលជួនកាលពិបាកយល់ ជួនកាលមើលទៅដូចជាសម្តែងជាជាងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតពិតប្រាកដ ហើយពេលខ្លះអាជីវកម្ម និងនយោបាយហាក់ដូចជាលាយឡំគ្នាផងដែរ»។ លោក Guterres បន្ថែមថា «តួនាទីរបស់ចិន ជាសសរស្តម្តនៃប្រព័ន្ធពហុភាគីគឺមានសារៈសំខាន់ ហើយយើងពិតជាមានការកោតសរសើរ និងដឹងគុណយ៉ាងខ្លាំង»។
ជាការឆ្លេីយតប លោក ស៊ី និយាយថា «ចិនមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ គាំទ្រតួនាទីកណ្តាលរបស់ខ្លួនក្នុងកិច្ចការអន្តរជាតិ និងរួមគ្នាបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការរក្សាសន្តិភាពពិភពលោក និងការលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាព»។
គួរបញ្ជាក់ថា លោក Guterres កំពុងស្ថិតនៅក្នុងទីក្រុងកំពង់ផែ Tianjin ភាគខាងជើងរបស់ចិន សម្រាប់កិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំមកពីអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង មជ្ឈិមបូព៌ា នឹងជួបជាមួយលោក ស៊ី ដែលជាការបង្ហាញនូវសាមគ្គីភាពនៃលោកខាងត្បូង៕


