ទាហានជាង ៦ពាន់នាក់ អមដោយរថក្រោះ ធ្វើព្យុហយាត្រាអបអរថ្ងៃបង្កើតកងទ័ពអាមេរិក

tikchhang

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ងើបទះដៃអបអរក្បូនដង្ហែរកងទ័ព។ រូបភាព ៖ AP

នៅថ្ងៃទី១៤ ខែមិថុនា ទាហានប្រមាណ ៦៦០០ នាក់ បានចូលរួមក្នុងក្បួនដង្ហែរយោធាដ៏អស្ចារ្យមួយនៅតាមផ្លូវ Constitution Avenue ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីអបអរសាទរខួបលើកទី២៥០ នៃការបង្កើតកងទ័ពអាម៉េរិក។ ព្រឹត្តិការណ៍នេះ ក៏ក្បួនដង្ហែរយោធាដ៏ធំបំផុតមួយក្នុងរយៈពេលជាង ៣០ ឆ្នាំ ស្របពេលជាមួយនឹងទិវាទង់ជាតិ (Flag Day) និងខួបកំណើត ៧៩ឆ្នាំ របស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ក្បួនដង្ហែរនេះ បានបង្ហាញពីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់កងទ័ពអាម៉េរិក តាមរយៈការដើរព្យុះហយាត្រារបស់ទាហានស្លៀកឯកសណ្ឋានតាមសម័យកាលផ្សេងៗ ចាប់ពីសម័យសង្គ្រាមបដិវត្តន៍ រហូតដល់សម័យទំនើប។ 


ក្បួននេះរួមមានរថក្រោះ Abrams ចំនួន ២៨ គ្រឿង, យានជំនិះ Bradley និង Stryker ចំនួន ២៨ គ្រឿងនីមួយៗ, កាំភ្លើងធំ Paladin ចំនួន ៤ គ្រឿង, និងយន្តហោះចំនួន ៥០ គ្រឿង រួមទាំងយន្តហោះសម័យសង្គ្រាមលោកលើកទី២ ដូចជា P-51 Mustang និង C-47 Skytrain។ លើសពីនេះ ក្រុមឆ័ត្រយោង Golden Knights របស់កងទ័ព បានធ្វើការសម្តែងលោតឆ័ត្រយោងនៅមុខសេតវិមាន ដែលទទួលបានការទស្សនាដ៏ច្រើនកុះករ។


ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅម៉ោង ៦:៣០ ល្ងាច ប៉ុន្តែត្រូវបានរៀបចំឲ្យចាប់ផ្តើមមុន ៣០ នាទី ដោយសារការព្យាករអាកាសធាតុមិនល្អ។ កម្មវិធីបានបញ្ចប់ដោយការបាញ់កាំជ្រួច និងការប្រគុំតន្ត្រីនៅទីលាន Ellipse ជិតសេតវិមាន។ ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាអបអរសាទរដល់កងទ័ព ដោយសង្កត់ធ្ងន់លើកម្លាំង និងការលះបង់របស់ទាហានអាម៉េរិកក្នុងការការពារសេរីភាព។


ទោះជាយ៉ាងណា ក្បួនដង្ហែរនេះក៏បានជួបនឹងការរិះគន់ខ្លះដែរ ជាពិសេសទាក់ទងនឹងថ្លៃចំណាយដែលប៉ាន់ស្មានថាមានចន្លោះពី ២៥ ទៅ ៤៥ លានដុល្លារ។ ក្រុមប្រឆាំងមួយចំនួន រួមទាំងក្រុម No Kings Day និង Women’s March បានរៀបចំការតវ៉ានៅទូទាំងប្រទេស ដោយចាត់ទុកព្រឹត្តិការណ៍នេះថាជាការបង្ហាញអំណាចផ្តាច់ការ។ ទោះបីជាមានការតវ៉ា អាជ្ញាធរបានធានាសន្តិសុខយ៉ាងតឹងរ៉ឹង ដោយដាក់ពង្រាយរបងដែកប្រវែងប្រមាណ ២៩គីឡូម៉ែត្រ។


ក្បួនដង្ហែរនេះ មិនត្រឹមតែជាការប្រារព្ធខួបកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីកម្លាំង និងបច្ចេកវិទ្យាទំនើបរបស់យោធាអាម៉េរិក ព្រមទាំងជំរុញស្មារតីស្នេហាជាតិ និងការជ្រើសរើសទាហានថ្មី។ ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកទស្សនារាប់សែននាក់ និងបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការប្រារព្ធខួបលើកទី២៥០ នៃការបង្កើតសហសហរដ្ឋអាម៉េរិកផងដែរ៕

Comments