តុលាការឧទ្ធរណ៍អាម៉េរិកសម្រេចឱ្យរដ្ឋបាល ត្រាំ យកពន្ធវិញជាបណ្តោះអាសន្ន

tikchhang

តុលាការ​ឧទ្ធរណ៍​​អាម៉េរិក​ប្រចាំតំបន់វ៉ាស៊ីនតោន ​បានសម្រេចផ្អាកជាបណ្តោះលើសាលក្រម របស់តុលាការពាណិជ្ជកម្ម ដែលរារាំងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធតាមអំពើចិត្ត។ ការសម្រេចផ្អាកនេះ ដោយសារមានការប្តឹងបន្តឡើងឧទ្ធរណ៍ពីរដ្ឋាភិបាលអាម៉េរិក។ 


«សាលក្រមដែលចេញនៅល្ងាចថ្ងៃពុធ ដោយតុលាការពាណិជ្ជកម្មអន្តរជាតិ ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ស្របពេលតុលាការបច្ចុប្បន្នកំពុងពិចារណាលើឯកសារនៃការដាក់ញត្តិ»។ សាលាឧទ្ធរណ៍អាម៉េរិកបញ្ជាក់ដូច្នេះ នៅថ្ងៃទី ២៩ ខែឧសភា។ 


កាលពីថ្ងៃទី២៨ ឧសភា តុលាការពាណិជ្ជកម្មអន្តរជាតិ (CIT) នៅទីក្រុង Manhattan បានហាមឃាត់ពន្ធនាំចូលលើប្រទេសជាច្រើន ដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់លើដៃគូពាណិជ្ជកម្ម។ ហេតុផលគឺថា លោក ត្រាំ បានប្រើប្រាស់សិទ្ធអំណាចរបស់លោកហួសហេតុ ដោយផ្អែកលើ«ច្បាប់អំណាចសង្គ្រោះបន្ទាន់អន្តរជាតិ (IEEPA)» នៅពេលដាក់ពន្ធគយ។ 

បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​ដោយ Liberty Justice Home ដែល​ជា​អង្គការ​មួយឈរឈ្មោះជំនួស​មុខ ឱ្យ​អាជីវកម្ម​តូចៗ​ចំនួន ៥ នៅ​​អាម៉េរិក។ ក្រោយមក រដ្ឋាភិបាល​អាម៉េរិក​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នេះ​ភ្លាមៗ។

សាលាឧទ្ធរណ៍សហព័ន្ធឥឡូវនេះ តម្រូវឱ្យដើមចោទឆ្លើយតបត្រឹមថ្ងៃទី ៥ ខែមិថុនា ហើយរដ្ឋបាល ត្រាំ ឆ្លើយតបនៅថ្ងៃទី៩ ខែមិថុនា។ ការពន្យារពេលផ្តល់ឱ្យរដ្ឋបាល ត្រាំ ពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ។


ទោះយ៉ាងណាក៏ដោយ Liberty Justice Center បាននិយាយថា ការផ្អាករបស់សាលាឧទ្ធរណ៍គ្រាន់តែជាទម្រង់បែបបទប៉ុណ្ណោះ។ មេធាវី Jeffrey Schwab របស់ស្ថាប័ននេះ បានលើកឡើងថា នៅទីបំផុត តុលាការនឹងនៅតែគាំទ្រអាជីវកម្មខ្នាតតូច។ ក្រុមនេះ កំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់អ្នកផ្គត់ផ្គង់ និងអតិថិជន ដែលគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ខ្លួន។

រដ្ឋបាល ត្រាំ ធ្លាប់បានជូនដំណឹងទៅតុលាការសហព័ន្ធថា ខ្លួននឹងស្វែងរក«ការផ្តល់ជំនួយសង្គ្រោះបន្ទាន់»ពីតុលាការកំពូលនៅថ្ងៃទី៣០ ខែឧសភា ប្រសិនបើការសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិមិនដំណើរការយ៉ាងឆាប់រហ័ស។ មន្ត្រីអាម៉េរិកបានទទូចថា ពួកគេនៅតែមានជម្រើសផ្សេងទៀតក្នុងការដំឡើងពន្ធ បើទោះបីជាពួកគេមិនឈ្នះក្តីនេះក៏ដោយ។

លោក ត្រាំ ចង់​ប្រើប្រាស់ពន្ធ​នាំ​ចូល​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ។ សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិអាចបំផ្លាញយុទ្ធសាស្ត្រនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាល ត្រាំ ក៏បានបញ្ជាក់នៅថ្ងៃទី២៨ ខែឧសភាថា នេះនឹងមិនប៉ះពាល់ដល់ការចរចាដែលបានគ្រោងទុកនៅប៉ុន្មានថ្ងៃខាងមុខនេះទេ។


ដៃគូ​ពាណិជ្ជកម្ម​អាម៉េរិក​ប្រតិកម្ម​យ៉ាង​ប្រយ័ត្នប្រយែង​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ។ រដ្ឋាភិបាល​អង់គ្លេស​ បានអះអាងថា​ នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​​អាម៉េរិក ហើយ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​ផ្លូវច្បាប់​ប៉ុណ្ណោះ។ មន្ត្រីអាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្ម ដោយលើកឡើងថា វាគឺស្របតាមគោលជំហរដ៏យូរអង្វែងរបស់ប្រទេសកាណាដា ដែលថាពន្ធគយរបស់លោក ត្រាំ គឺខុសច្បាប់៕

Comments