
បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ពេលដែលក្រុមជម្រើសជាតិព័រទុយហ្កាល់ យកឈ្នះអេស្ប៉ាញ ដើម្បីលើកពានជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ការប្រកួតនោះមានអ្នកគាំទ្រម្នាក់ បានធ្លាក់ពីជាន់ទី២ នៃទីកន្លៃងអង្គុយ ធ្លាក់មកជាន់ផ្ទាល់ដី រហូតបាត់បង់ជីវិត ក្នុងកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។
មានអ្នកគាំទ្រម្នាក់ បានធ្លាក់ពីទីកន្លែងអង្គុយទស្សនាការប្រកួតជាន់ទី២ នៃកីឡដ្ឋាន Allianz Arena ទៅកាន់ជាន់អង្គុយផ្ទាល់ដី នៅពេលហៀបនឹងបញ្ចប់ការប្រកួតពេល ៩០នាទី ទៅហើយ។ ការប្រកួតក៏បានបន្តចូលម៉ោងបន្ថែម១៥នាទី ២ដង ស្របពេលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក្នុងកីឡដ្ឋាន បានព្យាយាមជួយសង្គ្រោះអ្នកគាំទ្រម្នាក់នោះ ប៉ុន្តែដោយតែបញ្ហារបួសធ្ងន់ធ្ងរ អ្នកគាំទ្រក៏បានស្លាប់។
ក្រោយចប់ការប្រកួតនោះ UEFA បានចេញសេចក្តីប្រកាស បង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់អ្នកគាំទ្រម្នាក់នោះ។
«ភ្លាមៗនោះ ក៏មានការជួយសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅក្នុងកីឡដ្ឋាន Allianz នៅក្នុងការប្រកួតនោះ បើទោះជាក្រុមសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ។ នៅប៉ុន្មានម៉ោងក្រោយមក អ្នកគាំទ្រម្នាក់នោះ ក៏បានស្លាប់ ហើយយើងពិតជាសោកស្តាយ និងចូលរួមរំលែកទុក្ខមនុស្សជាទីស្រលាញ់របស់គេ ក្នុងគ្រាដ៏លំបាកនេះ។»។ នេះបើតាមសេចក្តីប្រកាសរបស់ UEFA ក្រោយចប់ការប្រកួត។
នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Luis de La Fuente គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្ហាញអារម្មណ៍សោកស្តាយ និងរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកគាំទ្ររូបនោះ។
ដោយឡែក កីឡាករ Nuno Mendes ដែលជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត គេក៏បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារដែលអ្នកគាំទ្រដែលបានបាត់បង់ជីវិតរូបនោះដែរ៕


