
សម្តេច ហ៊ុន ម៉ាណែត ដែលទើបទៅដល់ក្រុងនីស ប្រទេសបារាំង បានអំពាវនាវបន្ថែមពីលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិទាក់ទងនឹងការវិវត្តន៍ចុងក្រោយអំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។ សម្តេចបានបញ្ជាក់ពីការរក្សាជំហរសហការដោយប្រើប្រាស់យន្តការ និងកិច្ចព្រមព្រៀងនានា រួមទាំងច្បាប់អន្តរជាតិ។ ជាមួយគ្នា សម្តេចអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ ជៀសវាងព័ត៌មានដែលអាចពង្រីកបញ្ហា ហើយជឿទុកចិត្តរដ្ឋាភិបាល និងកងទ័ពកម្ពុជា។
តាមរយៈសារដែលបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ប្រមុខរដ្ឋាភិបាល យកខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអំពីជំហរច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ មកបង្ហាញជាសារជាថ្មី ដូចជា ការមិនដកកងទ័ពចេញពីតំបន់អធិបតេយ្យភាពរបស់កម្ពុជា, ការរៀបចំកម្លាំងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដី និងការគាំទ្រដល់យន្តការចរចា និងការលើកយកករណីតំបន់រសើប៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ពីក្រុងនីស ខណៈដែលសម្តេចត្រៀមចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ប្រមុខរដ្ឋាភិបាលបញ្ជាក់សារជាថ្មីពីជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) ឈរលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស MOU ឆ្នាំ ២០០០ និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
«រដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ»។ នេះជាការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន ម៉ាណែត ហើយអំពាវនាវដល់បណ្តាសារព័ត៌មាន និងពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្តលើរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ។
សម្តេចស្នើឱ្យជនរួមជាតិជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕


