ប្រធានាធិបតីបារាំង លោក Macron ប្ដឹង influencer អាមេរិកម្នាក់ ដែលអះអាងថាភរិយារបស់លោកជាមនុស្សប្រុស

tikchhang

(Reuters)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយារបស់លោក គឺលោកស្រី Brigitte នៅថ្ងៃពុធ ទី២៣ ខែកក្កដា បានដាក់ពាក្យប្ដឹងទៅកាន់តុលាការសហរដ្ឋអាមេរិក ប្រឆាំងនឹង influencer និងជាអ្នកផ្សាយកម្មវិធីផតខាសធ៍ (Podcast) ដ៏ល្បីម្នាក់នៅក្នុងសហរដ្ឋអាមេរិក លោកស្រី Candace Owens ពីបទបរិហារកេរ្តិ៍ជុំវិញការអះអាងថាលោកស្រី Brigitte គឺជាមនុស្សប្រុសដែលបានកែភេទមកជាមនុស្សស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Macron បាននិយាយនៅក្នុងពាក្យបណ្ដឹងដាក់ជូនតុលាការ Delaware Superior Court ថាលោកស្រី Owens បានធ្វើយុទ្ធនាការមួយពោរពេញដោយការកុហក បោកប្រាសដើម្បីឱ្យកម្មវិធីផតខាសធ៍ (Podcast) របស់ខ្លួនបានល្បីល្បាញ។ លោក Macron បន្ថែមថាការកុហុករបស់លោកស្រី Owens ក្នុងនោះរួមមានទាំងអះអាងថា លោកស្រី Brigitte Macron មានអាយុ ៧២ឆ្នាំ គឺជាមនុស្សប្រុសម្នាក់មានឈ្មោះថា ហ្សង់ មីឆែល ត្រូញ៉ូ (Jean-Michel Trogneux) ដែលគ្រាន់តែជាឈ្មោះពិតរបស់ បងប្រុសលោកស្រី Brigitte ប៉ុណ្ណោះ។

នៅក្នុងពាក្យបណ្ដឹងរបស់លោក Macron និងលោកស្រី Brigitte មិនបានបញ្ជាក់លម្អិតពីការទាមទារសំណងអ្វីនោះទេ។ តែអ្នកទាំង២បានសម្រេចចិត្តប្ដឹងលោកស្រី Owens ទៅកាន់តុលាការអាមេរិក បន្ទាប់ពី influencer រូបនេះមិនអើពើនឹងការស្នើសុំដល់ទៅ៣លើកឱ្យលុបចោលការនិយាយកុហុក និងការនិយាយបរិហារកេរ្តិ៍ចេញពី YouTube និង podcast៕

Comments