ជោគជ័យនៃប្រតិបត្តិការនៅហ្កាហ្សា​ ធ្វើឲ្យអ៊ីស្រាអែល

tikchhang

ការលក់នាំចេញគ្រឿងសព្វាវុធ​របស់​អ៊ីស្រាអែលបាន​ហក់​កើនឡើង​ខ្ពស់​ បំបែកឯតទគ្គកម្ម កាលពីឆ្នាំ ២០២៤ ជាមួយនឹង​ទំហំទឹកប្រាក់ ១៤,៧ពាន់លាន​ដុល្លារ។ យោងតាម​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល គេបញ្ជាទិញគ្រឿងសព្វាវុធ​អ៊ីស្រាអែលកាន់តែច្រើន​ឡើង បន្ទាប់ពី​ឃើញស្នាដៃរបស់​​កងទ័ព​អ៊ីស្រាអែល​នៅក្នុង​សង្រ្គាមហ្កាហ្សា រួមទាំងការវាយប្រហារ​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ នៅទឹកដីលីបង់ ស៊ីរី និង​អ៊ីរ៉ង់។

FILE - In this Aug. 28, 2013 file photo, an Israeli soldier is seen next to an Iron Dome rocket interceptor battery deployed near the northern Israeli city of Haifa. A state-owned Israeli arms company said it will unveil a new laser-defense system called the "Iron Beam." The system is to be displayed at the Singapore Air Show next month and is expected to be operational next year. (AP Photo/Tsafrir Abayov, File) AP - Tsafrir Abayov

នៅឆ្នាំ២០២៤ អ៊ីស្រាអែល​បានចុះកិច្ចសន្យានាំចេញគ្រឿងសព្វាអាវុធ ដែលមានតម្លៃ​១៤,៧​ ពាន់លានដុល្លារ។ ក្នុងនោះ មានជាង ៥០% ជាកិច្ចសន្យាខ្នាតធំ​ដែលមានទំហំទឹក​ប្រាក់ច្រើនជាង ១០០លានដុល្លារ។ បើតាមការពន្យល់របស់ក្រសួងការពារជាតិអ៊ីស្រាអែល ទាំងនេះគឺជាលទ្ធផលនៃការបង្កើនកញ្ចប់ថវិកាយោធារបស់អ៊ីស្រាអែលកាលពីឆ្នាំ ២០២៤​។ ជាថ្មីម្តងទៀត ការនាំចេញសព្វាវុធរបស់អ៊ីស្រាអែលបានកើនឡើងខ្ពស់ ៤ឆ្នាំ ជាប់ៗគ្នា។ 


មានហេតុផលមួយចំនួនដែលធ្វើឲ្យការនាំចេញសព្វាវុធរបស់អ៊ីស្រាអែលកើនឡើងខ្ពស់ គិតចាប់តាំងពីឆ្នាំ ២០២០។ ទី១ គឺការចងស្ពានមេត្រីភាពជាមួយប្រទេសអារ៉ាប់ដូចជា​អេមីរ៉ាត អារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក នៅក្រោមការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក។


ជាក់ស្តែង ការកម្ម៉ង់បញ្ជាទិញរបស់ប្រទេសអារ៉ាប់ទាំង ៣ អេមីរ៉ាត អារ៉ាប់រួម បារ៉ែន និង​ម៉ារ៉ុកបានកើនឡើងពី ៣%នៅឆ្នាំ ២០២៣ ទៅដល់១២%នៅឆ្នាំ ២០២៤។ ហេតុផលទី២ គឺសង្រ្គាមនៅហ្កាហ្សា។ 


បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអ៊ីស្រាអែល ស្នាដៃ និងប្រតិបត្តិការ​ជោគជ័យរបស់កងទ័ពអ៊ីស្រាអែល នៅក្នុងសង្រ្គាមហ្កាហ្សា ក៏ដូចជាការវាយប្រហារផ្លូវ​អា​កាសរបស់អ៊ីស្រាអែលនៅក្នុងទឹកដីលីបង់ ស៊ីរី និងអ៊ីរ៉ង់បានទាក់ទាញឲ្យគេទុកចិត្ត ទិញ​សព្វាវុធពីអ៊ីស្រាអែលកាន់តែច្រើន។ ដូច្នេះចង់ ឬមិនចង់ សមរភូមិនៅហ្កាហ្សា ជាទី​​ដែល​អ៊ីស្រាអែលបើកប្រតិបត្តិការយោធាទាំងផ្លូវគោក និងផ្លូវអាកាសជិត២ឆ្នាំមកនេះ ​បានក្លាយ​កន្លែងធ្វើតេស្ត សាកល្បងគ្រឿងសព្វាវុធរបស់អ៊ីស្រាអែល។

ចំពោះរដ្ឋមន្រ្តីការពារជាតិ លោក អ៊ីស្រាអែល កាតហ្ស តាមរយៈសង្រ្គាមហ្កាហ្សា ពិភព​លោកទាំងមូលមើលឃើញពីកម្លាំង សមត្ថភាពរបស់អ៊ីស្រាអែល និងចង់ចាប់ដៃគូ ទិញ​អាវុធពីអ៊ីស្រាអែល។ តាមក្រសួងការពារជាតិអ៊ីស្រាអែលដដែល អាវុធភាគច្រើន (៤៨%) ដែលគេចាប់អារម្មណ៍ទិញពីអ៊ីស្រាអែល មានដូចជា មីស៊ីល គ្រាប់រ៉ូក្កែត រថក្រោះ ប្រព័ន្ធ​ការពារដែនអាកាសដែលមានសមត្ថភាពស្ទាក់បាញ់ទម្លាក់គ្រប់មីស៊ីល និងកម្មវិធីយោធា​ផ្សេងទៀតនៅក្នុងវិស័យសន្តិសុខអ៊ីនធ័រនែត និងការស៊ើបការណ៍សម្ងាត់។ បន្ថែមពីនេះ ការលក់ផ្កាយរណប និងប្រព័ន្ធអវកាសរបស់រដ្ឋអ៊ីស្រាអែលបានកើនឡើងពី២ ទៅ៨%​នៅ​ឆ្នាំ២០២៤។


និយាយពីប្រទេសដែលបញ្ជាទិញសព្វាវុធពីអ៊ីស្រាអែលនៅក្នុងពិភពលោក អឺរ៉ុបនាំមុខគេ។ អាល្លឺម៉ង់ដែលទើបចេញមុខការពារខ្លួនក្នុងរឿងលក់អាវុធដូចជារថក្រោះឲ្យអ៊ីស្រាអែលក៏ជាអតិថិជនចាប់អារម្មណ៍ទិញប្រព័ន្ធខែលមីស៊ីលដ៏មានអានុភាពរបស់អ៊ីស្រាអែលដែរ។ 


ទោះបីជាអ៊ីស្រាអែលបានយកសង្រ្គាមហ្កាហ្សាជាកន្លែងតេស្តប្រសិទ្ធភាពសព្វាវុធ មុន​នឹង​ផលិតលក់ក៏ដោយក៏សង្រ្គាមហ្កាហ្សាបាន និងកំពុងធ្វើឲ្យអ៊ីស្រាអែលរងការចោទ​ប្រ​កាន់​ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន។


តែដោយសារទង្វើគ្មានមនុស្សធម៌របស់អ៊ីស្រាអែលបានធ្វើឲ្យប្រទេសអឺរ៉ុបមួយចំនួនដកឃ្លា ឃ្លាតឆ្ងាយពីអ៊ីស្រាអែល ដូចជាអេស្ប៉ាញជាដើម ​ដែលបានសម្រេចចិត្តលុបចោល​កិច្ច​សន្យាទិញអាវុធអ៊ីស្រាអែល ក្នុងតម្លៃ ២៨៧លានអឺរ៉ូ ដែលអេស្ប៉ាញបានចុះ​ហត្ថលេខា​ជាមួយក្រុមហ៊ុនអ៊ីស្រាអែលកាលពីឆ្នាំ ២០២៣៕

Comments