ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនា ថាភាគីសហភាពអឺរ៉ុបនៅមិនទាន់ផ្ដល់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលមានសមភាពនៅឡើយ ខណ:ដែលភាគីជប៉ុននៅតែរឹងទទឹងក្នុងការចរចាពាណិជ្ជកម្មជាមួយរដ្ឋាភិបាលខ្លួន ដើម្បីធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញ។
ក្រោយចាកចេញពីវេទិកាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) មុនថ្ងៃកំណត់ ប្រធានាធិបតីអាម៉េរិក បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះសហភាពអឺរ៉ុប និងជប៉ុន ទាក់ទិនលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
«យើងកំពុងជជែក ប៉ុន្តែខ្ញុំគ្មានអារម្មណ៍ថាពួកគេ កំពុងតែផ្ដល់កិច្ចព្រមព្រៀងដែលមានសមភាពនៅឡើយទេ»។ លោក ត្រាំ បានបង្ហាញការរអ៊ូរទាំបែបនេះ ទៅកាន់សហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែមិថុនា ខណ:ក្រុមមន្ត្រីរបស់ខ្លួន នៅបន្តចរចានៅកាណាដានៅឡើយ។ កាលកំណត់៩០ថ្ងៃនៃការដាក់ពន្ធគយតបតរបស់លោក ត្រាំ នឹងផុតក្នុងថ្ងៃទី៩ ខែកក្កដា។ មេដឹកនាំអាម៉េរិករូបនេះ ធ្លាប់ឱ្យសញ្ញាថានឹងពន្យារពេលបន្តទៀតទៅប្រទេសណាដែលសុំរដ្ឋាភិបាលខ្លួនចរចា។
លោក ត្រាំ បានព្រមានតម្លើងពន្ធគយលើ EU បើគ្មានកិច្ចសន្យាពាណិជ្ជកម្មសមស្រប។ លោក បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ «ពួកគេមានជម្រើសត្រូវបង្កើតកិច្ចព្រមព្រៀងល្អមួយសម្រាប់ពួកយើង ឬក៏ត្រូវបង់ [ពន្ធគយ] តាមតែយើងចង់ឱ្យបង់»។
ក្នុងកិច្ចសម្ភាសក្រៅវេទិកា G7 ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថាគោលដៅចម្បងរបស់ EU គឺបង្កើតកិច្ចព្រមព្រៀងជាមួយអាម៉េរិកដែលបច្ចុប្បន្ននៅមិនទាន់សម្រេច មុនពេលដែលកាលកំណត់៩០ថ្ងៃ កន្លងផុត។
«វាស្មុគស្មាញ ប៉ុន្តែយើងកំពុងតែបង្កើនភាពសកម្ម ហើយខ្ញុំខិតខំពន្លឿន ដូច្នេះយើងរួមបញ្ចូលក្នុងកិច្ចចរចា ហើយយើងនឹងឃើញថាពេលបញ្ចប់ទទួលបានអ្វី»។ លោកស្រី Leyen បានបង្ហាញក្ដីសង្ឃឹមបែបនេះក្នុងការដោះស្រាយពាណិជ្ជកម្មជាមួយអាម៉េរិក។
ជប៉ុនក៏ជាភាគីដែលពិបាកដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយលោក ត្រាំ ផងដែរ។ លោក ត្រាំ បានពោលថា ៖«ជប៉ុនគឺរឹងទទឹង ប៉ុន្តែអ្នកត្រូវតែយល់ថានៅទីបំផុត យើងនឹងគ្រាន់តែផ្ញើសំបុត្រដែលមានបញ្ជាក់ថា នេះជាអ្វីដែលអ្នកត្រូវតែបង់ បើមិនដូច្នេះអ្នកមិនចាំបាច់រកស៊ីជាមួយយើងទេ»។
ក្រៅពីតែ EU និងជប៉ុន ដៃគូពាណិជ្ជកម្មអាម៉េរិកធំៗ ក៏កំពុងតែជាប់គាំងក្នុងកិច្ចចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងសមរម្យណាមួយជាមួយប្រទេសនេះដែរ។ ជាក់ស្ដែង កម្ពុជានៅតែមិនទាន់បញ្ចប់ការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយវិសមភាពពាណិជ្ជកម្មនៅឡើយទេ។
យ៉ាងណាមិញ អង់គ្លេស បានយល់ព្រមកិច្ចព្រមព្រៀងនឹងអាម៉េរិកមួយ អំឡុងជំនួបក្រៅវេទិកា G7។ ទាំងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បញ្ជាក់ជាថ្មីលើអត្រាពន្ធគយ និងកម្រិតកូតាលើយានយន្តអង់គ្លេស ក៏ដូចជាលុបបំបាត់ពន្ធគយលើវិស័យអាវកាសអង់គ្លេស ប៉ុន្តែបញ្ហាដែកថែប និងអាលុយមីញ៉ូមនៅតែបន្ត៕


