ឥណ្ឌាផ្អាកផែនការទិញអាវុធពីអាមេរិក បន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធ

tikchhang

(ញូវដេលី)៖ ឥណ្ឌាបានផ្អាកផែនការទិញអាវុធ និងយន្តហោះថ្មីៗពីសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីឥណ្ឌាបីរូបដែលដឹងពីបញ្ហានេះ ហើយវាគឺជាសញ្ញាណជាក់ស្តែងដំបូងបង្អស់ នៃការមិនពេញចិត្តរបស់ឥណ្ឌា បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រភពដដែលនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងប្រកាសពីការទិញអាវុធមួយចំនួន ក៏ត្រូវបានលប់ចោលផងដែរ។

ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីលោក ត្រាំ បានដំឡើងពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ដើម្បីដាក់ទណ្ឌកម្មចំពោះការទិញប្រេងពីរុស្ស៊ី ដែលធ្វើឲ្យអត្រាពន្ធសរុបកើនឡើងដល់ ៥០%។

ទោះយ៉ាងណា បន្ទាប់ពីការផ្សាយព័ត៌មាននេះ រដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុករបាយការណ៍នេះថា «មិនពិត» និងបញ្ជាក់ថា ការទិញអាវុធកំពុងបន្តដំណើរការតាម «នីតិវិធីដែលមានស្រាប់»។

គួរបញ្ជាក់ថា កិច្ចពិភាក្សាដែលត្រូវបានរាយការណ៍ថាផ្អាកនេះ គឺគ្របដណ្តប់លើការទិញយានប្រយុទ្ធ Stryker មីស៊ីលប្រឆាំងរថក្រោះ Javelin និងយន្តហោះឈ្លបយកការណ៍ Boeing P8I ចំនួន ៦ គ្រឿង ដែលមានតម្លៃសរុបប្រមាណ ៣.៦ ពាន់លានដុល្លារ៕

Comments