(AFP)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា បានឱ្យដឹងថាការវាយប្រហារមួយលើទីក្រុង El-Obeid នៃតំបន់ Kordofan ស្ថិតនៅភាគកណ្ដាលប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ៤០នាក់ ខណៈកងកម្លាំងគាំទ្ររហ័ស RSF កំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយលុកលើទីក្រុងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិមិនបានបញ្ជាក់លម្អិតថាតើនរណានៅពីក្រោយការវាយប្រហារនេះនោះទេ។ ប៉ុន្តែបាននិយាយថាស្ថានការណ៍នៅក្នុងតំបន់ Kordofan នៅតែបន្តអាក្រក់ឡើងៗ។ សង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ដែលបានសម្លាប់មនុស្សរាប់សែននាក់ និងបង្ខំឱ្យប្រជាជនរាប់លាននាក់ភៀសខ្លួន បាន និងកំពុងរីករាលដាលទៅកាន់តំបន់ ឬទីក្រុងក្នុងពេលប៉ុន្មានថ្ងៃមកនេះ ដោយបង្កឱ្យមាន ការភ័យខ្លាចអំពីមហន្តរាយមនុស្សធម៌។
កងកម្លាំងគាំទ្ររហ័សបានធ្វើសង្រ្គាមជាមួយកងទ័ពជាតិស៊ូដង់ចាប់តាំងពីឆ្នាំ២០២៣ ហើយកំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយលុកលើតំបន់ Kordofan បន្ទាប់ពីពួកគេវាយដណ្ដើមបានទីក្រុង El-Fasher ដែលជាមូលដ្ឋានរឹងមាំចុងក្រោយបំផុតមួយរបស់កងទ័ពជាតិស៊ូដង់ស្ថិតនៅតំបន់ Darfur ភាគខាងលិចស៊ូដង់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយទីភ្នាក់ងារកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ ហៅកាត់ថា OCHA បានគូសបញ្ជាក់ថា «ប្រភពក្នុងតំបន់បានរាយការណ៍ថាជនស៊ីវិលយ៉ាងហោច ៤០នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកាលពីម្សិលមិញ នៅក្នុងការវាយប្រហារមួយលើពិធីបុណ្យសពមួយនៅក្នុងទីក្រុង El Obeid»។ OCHA ជាថ្មីម្ដងទៀត បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ និងឱ្យគ្រប់ភាគីទាំងអស់ការពារជនស៊ីវិល ក៏ដូចជាគោរពច្បាប់មនុស្សធម៌អន្តរជាតិ៕







