ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (ឆ្វេង) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ(ស្ដាំ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ AP_Manuel Balce Ceneta
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញវីដេអូសាទរមួយនៅថ្ងៃទី២២ ខែមិថុនា ទៅលោកប្រធានាធិបតីអាម៉េរិក បន្ទាប់ពីជោគជ័យលើប្រតិបត្តិការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ យ៉ាងណាមិញ ប្រទេសមួយចំនួន, ប្រមុខ UN និងអ្នកនយោបាយផ្ទៃក្នុងថ្កោលទោស និងរិះគន់លើទង្វើលោក ត្រាំ។
បន្ទាប់ពីអាម៉េរិកប្រកាសប្រតិបត្តិការយោធាលើអ៊ីរ៉ង់យ៉ាងជោគជ័យ លោកនាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២២ ខែមិថុនា បានចេញសារអបអរទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ។
ខណៈដែលគោលដៅខ្លួនគឺចង់លុបបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ លោក ណេតាន់យ៉ាហ៊ូ បានបង្ហាញក្ដីសោមនស្សចំពោះការសម្រេចចិត្តចូលដៃជាមួយខ្លួនរបស់លោក ត្រាំ ក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ដែលជាគោលដៅរួម។
«អបអរសាទរ លោកប្រធានាធិបតី ត្រាំ។ ការសម្រេចចិត្តដ៏មោះមុតក្នុងការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ប្រកបដោយអំណាចដ៏អស្ចារ្យនិងត្រឹមត្រូវរបស់អាម៉េរិក នឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រ។»។ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងក្នុងវីដេអូយ៉ាងដូច្នេះ។
គួរឱ្យដឹងថា អាម៉េរិក បានបើកប្រតិបត្តិការយោធាទម្លាក់គ្រាប់បែកចូលទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ធំៗបីកន្លែងនៅ Isfahan, Fordow និង Natanz ក្រោមការបញ្ជារបស់លោក ដូណាល់ ត្រាំ។ នេះជាសកម្មភាពលូកដៃចូលក្នុងសង្គ្រាមដោយផ្ទាល់ជាមួយអ៊ីរ៉ង់របស់អាម៉េរិក។
ស្របពេលទទួលការអបអរ ទង្វើលោក ត្រាំ ក៏ទទួលរងការរិះគន់ និងថ្កោលទោសផងដែរ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បង្ហាញក្ដីបារម្ភជាពន្លឹកទៅលើព្រឹត្តិការណ៍ដែលបានកើតឡើងលើអ៊ីរ៉ង់។
«ខ្ញុំមានក្ដីបារម្ភជាខ្លាំងដោយការប្រើប្រាស់កម្លាំងពីសំណាក់អាម៉េរិកទៅលើអ៊ីរ៉ង់នៅថ្ងៃនេះ។ នេះជាការរីកសាយជម្លោះដ៏គ្រោះថ្នាក់មួយក្នុងតំបន់ និងជាហានិភ័យដោយផ្ទាល់ទៅសន្តិភាព និងសន្តិសុខអន្តរជាតិ។»។ លោក Guterres បាននិយាយបែបនេះ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានថ្កោលទោសចំពោះទង្វើលោក ត្រាំ ដែលបំពានធម្មនុញ្ញ UN។ លោក Diaz-Canel បានលើកឡើងថា៖ «យើង ថ្កោលទោសជាទម្ងន់លើអាម៉េរិកដែលទម្លាក់គ្រាប់បែកចូលទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលចាត់ចូលជាការរីកសាយដ៏គ្រោះថ្នាក់នៃជម្លោះនៅមជ្ឈិមបូព៌ា»។
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា និងម៉ិកស៊ិក ក៏បានចេញសារថ្កោលទោស និងការសំណូមពរផងដែរ។ ប្រមុខការទូតវ៉េណេស៊ុយអេឡា លោក Yvan Gil Pinto ថ្កោលទោសអាម៉េរិក និងសំណូមពរឱ្យស្វែងរកកិច្ចចរចា ចំណែកម៉ិកស៊ិក ទទូចឱ្យជ្រើសផ្លូវការទូត។
ខណ:រងការិះគន់ពីអន្តរជាតិ ការសម្រេចចិត្តរបស់លោក ត្រាំ កំពុងរងការតិទៀនក្នុងនយោបាយផ្ទៃក្នុង។ ប្រធានបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភាអាម៉េរិក លោក Hakeem Jeffries បង្ហាញការហួសចិត្តដែលលោក ត្រាំ ហ៊ានបញ្ជាប្រតិបត្តិការយោធាដោយរំលងអំណាចសម្រេចរបស់សភា។
បន្ថែមពីនោះ គណ:មន្ត្រី និងអ្នកតំណាងរដ្ឋផ្សេងទៀតក្នុងសភាដូចជាលោក Bernie Sander លោក Jim Risch លោកស្រី Rashida Tlaib និងលោកស្រី Alexandria Ocasio-Cortez ក៏បានប្រឆាំង និងរិះគន់លើលោក ត្រាំ ផងដែរ៕


