កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបញ្ហាព្រំដែនជាមួយថៃ នៅថ្ងៃទី១៤ ខែមិថុនា

tikchhang

កម្ពុជា បានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន នៅក្នុងក្រុម Telegram នៅថ្ងៃទី៤ ខែមិថុនា។


បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ជុំវិញបញ្ហាព្រំដែន លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ពីថ្ងៃកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនជាមួយថៃ (JBC)។ 

«ក្នុងស្មារតីនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ»។ លោក ជុំ សុន្ទរី បានបញ្ជាក់បែបនេះ ដោយបន្តប្តេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ 

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។

ពីវេទិកាសារព័ត៌មានស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី និងការអភិវឌ្ឍនៅកម្ពុជា អគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានទទូចឱ្យកម្ពុជា និងថៃ កាត់បន្ថយភាពតានតឹងតាមតំបន់ព្រំដែន។ 

មន្រ្តីឥណ្ឌូណេស៊ីរូបនេះ បានបន្តថា ប្រសិនបើភាគីជម្លោះទាំងពីរ ចង់ដោះស្រាយជម្លោះតាមអាស៊ាន កម្ពុជា និងថៃ អាចស្នើទៅប្រធានផ្លាស់វេនអាស៊ានក្នុងពេលបច្ចុប្បន្នជួយសម្របសម្រួល ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់៕ 

Comments