រវ៉ាន់ដា និង​សាធារណរដ្ឋ​កុងហ្កោ​ ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ

tikchhang

មាន​ជម្លោះ​នឹង​គ្នា​អស់​ជិត​៣០​ឆ្នាំ រវ៉ាន់ដា​និង​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្កោ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៅទីក្រុង​វ៉ាស៊ីនតោន ក្រោម​ម្លប់​សហរដ្ឋ​អាម៉េរិក​ នា​យប់ថ្ងៃសុក្រ​ទី​២៧​មិថុនា​២០២៥។ ជំនួប​កំពូល​អន្តរប្រទេស​រវ៉ាន់ដា​និង​សាធារណរដ្ឋ​កុងហ្កោ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ ដោយ​មាន​ជំនួប​ថ្នាក់​ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ​ជាមួយ​លោក​ដូណាល់​ត្រាំ​ទៀត។ ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំចាត់​ទុក​កិច្ចព្រមព្រៀងនេះ​ថា​ការ​បើក​ទំព័រ​ថ្មី​នៃ​ក្តី​សង្ឃឹម។ ចំណែក​ប្រធាន​សហភាព​អាហ្វ្រិក​យល់​ថា​កិច្ចព្រមព្រៀង​នេះ​ជា​ការ​បោះជំហាន​ទៅ​រក​សន្តិភាព​សម្រាប់​តំបន់​ទាំង​មូល។


រដ្ឋមន្ត្រីក្រសួង​ការបរទេស​រវ៉ាន់ដា​និង​សាធារណរដ្ឋប្រជាធិបតេយ្យ​​កុងហ្កោបាន​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​សន្តិភាព ជា​ប្រវត្តិសាស្ត្រ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​​ក្រោម​អធិបតី​ភាព​របស់​លោក​ប្រមុខ​ការទូត​អាម៉េរិក Marco Rubio។ “​ជា​ថ្ងៃ​ដ៏​សំខាន់​ សម្រាប់​ប្រទេស​ទាំងពីរដែលអាច​បិទ​បញ្ចប់ជម្លោះ​រ៉ាំរ៉ៃ​ជិត​៣០ឆ្នាំ”។ នេះជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ដោយសម្តែង​អំណរគុណ​ដល់​ភាគី​បក្សដិបក្ស​ទាំងពីរ ដែល​បាន​ប្រឹង​ជំនះ​ការ​លំបាកនានា​ទម្រាំ​សម្រេច​បាន​កិច្ចព្រមព្រៀងពេល​នេះ។

បើ​តាមរដ្ឋមន្ត្រី​ក្រសួង​ការបរទេសរវ៉ាន់ដារ ភាគី​ទាំង​ពីរ​បាន​សន្យា​​ចាប់​ផ្តើម​ដាក់​ឱ្យ​ដំណើរការ​យន្តការ​បិទ​បញ្ចប់ទាំង​ស្រុង និង​ដោយ​មិន​អាច​កែប្រែបាន​ ការ​គាំទ្ររបស់​រដ្ឋ (​កុងហ្កោ​) ​ក្រុម​ប្រដាប់​អាវុធ​នៃ​កង​កម្លាំង​ប្រជាធិបតេយ្យ​រំដោះ​រវ៉ាន់ដា​ ព្រម​ទាំង​ក្រុម​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ ចំណែក​រវ៉ាន់​ដា​ដែល​បដិសេធ​ជា​និច្ច​ថា​មិន​បាន​ជួយ​យោធាM23 នៅ​ខាងកើតនៃ​​សាធារណរដ្ឋ​​កុងហ្កោ ក៏​សន្យា​លើក​វិធានការ​ការពារ​ខ្លួន​ចេញដែរ បើ​ទោះបី​កិច្ចព្រមព្រៀងមិន​និយាយ​ដោយ​ចំៗ​​ក៏​ដោយ។

កិច្ចព្រមព្រៀង​ក៏​មាន​ចែង​គម្រោង​​រំសាយ​កងកម្លាំង​ប្រដាប់​អាវុធនានា ការពារ​ជន​ស៊ីវិល ការ​វិល​ត្រលប់​របស់​ជន​ផ្លាស់ទី ជន​ភៀសខ្លួន​ និង​យន្តការ​តាមដាន​ដើម្បី​ធានា​ឱ្យ​មាន​កា​រគោរព​កិច្ចព្រមព្រៀង។ នេះ​បើ​តាមការ​គូស​បញ្ជាក់​បន្ថែម​របស់​លោកស្រី​រដ្ឋមន្ត្រីក្រសួងការបរទេសនៃ​​សាធារណរដ្ឋ​កុងហ្កោ។ នៅខែក្រោយ​ យន្តការ​សម្របសម្រួល​សន្តិសុខ​រួម រវ៉ាន់ដា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ នឹង​ចាប់​ដំណើរ​ការ​ និង​ចាប់​ទទួល​បណ្តឹង​ ឬ​ការ​តវ៉ា​ផ្សេងៗ​ទាក់ទងនឹងការរំលោភ​កិច្ចព្រមព្រៀង​។ សហភាពអាហ្វ្រិក អាម៉េរិក កាតា មាន​ចំណែក​នៅក្នុង​គណៈកម្មការ​នេះ។

ហេតុអ្វី​អាម៉េរិក ​ប្រឹង​ប្រែង​រក​សន្តិភាព​ក្នុង​ជម្លោះ​រវ៉ាន់ដា​សាធារណរដ្ឋ​កុងហ្កោ? លោកប្រធានាធិបតី​អាម៉េរិក ដូណាល់ត្រាំ បាន​ចាត់​ទុក​​កិច្ចព្រមព្រៀង​សន្តិភាព រវាង​ ​រវ៉ាន់ដា​-សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោថា ជា​ការបើក​ទំព័រ​នៃ​ក្តី​សង្ឃឹម​ថ្មី​ ឱកាស​ថ្មី​សម្រាប់​តំបន់ នាំឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​និង​សន្តិភាព។ ប៉ុន្តែ​​ជា​ថ្នូរ​នៃ​​សន្តិភាព​នេះ អាម៉េរិក ​ទំនង​ជា​បាន​ទទួល​សិទ្ធិ​ពិសេស​ក្នុង​ការ​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​រ៉ែ​Coltan ដ៏​ចាំបាច់​សម្រាប់​ឧស្សាហកម្ម​អេឡិចត្រូនិក ទើប​លោក​ត្រាំ​ចាប់​អារម្មណ៍​ខ្លាំង។ តំបន់​​ភាគ​ខាង​កើត​ប្រទេស​សាធារណរដ្ឋ​កុងហ្កោ​ជាប់​ព្រំ​ប្រទល់​នឹង​រវ៉ាន់ដារ និង​ជា​តំបន់​មាន​ជម្លោះ​ហិង្សា​រ៉ាំរ៉ៃ​ជាង​៣០ឆ្នាំនេះ​ មានកប់​​រ៉ែកុលតង់​ដល់​ទៅ​ជាង​៦០%​នៃ​ធនធាន​នៅលើ​​ផែន​ដី​៕

Comments