មនុស្សមិនតិចទេអោយតែនិយាយដល់រឿងសង្គ្រាមខ្មែរ និងថៃ គេតែងតែគិតដល់ទំហំទ័ពថៃដែលធំជាងទ័ពខ្មែរ ហើយគិតដល់អាវុធរបស់ទ័ពថៃដែលមានសំបូរបែបជាងខ្មែរ។ ផ្អែកលើប្រវត្តិសាស្ត្រដែលថៃធ្លាប់ច្បាំងឈ្នះខ្មែរ ធ្លាប់ចាត់ចែងការឡើងសោយរាជ្យរបស់ស្ដេចខ្មែរក្នុងអតីតកាល ធ្លាប់គ្រប់គ្រងទឹកដីខ្មែរមួយភាគធំនៅភាគខាងលិច ហើយបូកផ្សំនឹងចិត្តចង់មើលស្រាលទ័ពខ្មែរទៀតនោះ នាំអោយពួកគេច្រើនតែសន្និដ្ឋានថា បើសិនជាមានការច្បាំងគ្នា នោះទ័ពថៃនឹងវាយខ្មែរធ្លាយព្រំដែន។
តែការគិតផ្ដោតតែលើកត្តាបែបនេះមួយមុខ នឹងនាំអោយពួកគេឆ្លើយមិនរួចនូវសំណួរយ៉ាងច្រើន។ ថាហេតុអ្វីទើបអាមេរិកមានទ័ពច្រើនជាងវៀតណាម និងអាវុធទំនើបជាងវៀតណាម តែច្បាំងចាញ់វៀតណាម? ថាហេតុអ្វីទើបទ័ពថៃធំជាងទ័ពឡាវ និងបំពាក់អាវុធបានល្អជាងទ័ពឡាវ តែទ័ពថៃច្បាំងមិនឈ្នះទ័ពឡាវនៅសមរភូមិបានរំក្លៅ (สมรภูมิบ้านร่มเกล้า / the Battle of Ban Romklao) កាលពីឆ្នាំ១៩៨៧-១៩៨៨? ថាហេតុអ្វីទើបទ័ពថៃធំជាងទ័ពខ្មែរ និងបំពាក់អាវុធបានសំបូរបែបជាងខ្មែរ តែក្នុងសង្គ្រាម ៣ឆ្នាំនៅព្រះវិហារពីឆ្នាំ២០០៨-២០១១ ទ័ពថៃក៏មានអ្នកស្លាប់? ហើយថាហេតុអ្វីទើបចំនួនទាហានថៃ និងទាហានខ្មែរស្លាប់ប្រហាក់ប្រហែលគ្នា?
ការផ្អែកតែលើប្រវត្តិសាស្ត្រមួយមុខនឹងធ្វើអោយការគិតរបស់ពួកគេឆកល្វែង ពីព្រោះនៅក្នុងដំណើរប្រវត្តិសាស្ត្រនេះ វាមានការផ្លាស់ប្ដូរយ៉ាងច្រើនទាំងនៅខាងថៃ និងនៅខាងខ្មែរ។ ឧទាហរណ៍ បើរាប់ចាប់តាំងពីចុងសតវត្សរ៍ទី១៨ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ទី១៩មុនបារាំងចូលមក ថៃ (សៀម) អាចច្បាំងឈ្នះខ្មែរដោយសារខ្មែរបែកបាក់គ្នា ហើយក្នុងនោះព្រះអង្គម្ចាស់អង្គនន់ គឺជាភាគីដែលផ្អៀងទៅខាងថៃ ហើយថៃក៏យកជាឈ្នាន់ដើម្បីផ្ដួលព្រះបាទអង្គតន់។ ក្រោយពីនោះមក ស្ដេចខ្មែរនៅក្មេងពេក ហើយមន្ត្រីជាន់ខ្ពស់របស់ខ្មែរក៏មានបក្សពួករណបថៃ គឺលោកចៅហ្វាទឡ្ហៈបែន (Chaofa Talaha Baen / เจ้าฟ้าทะละหะแบน) ដែលជាហេតុនាំអោយថៃអាចសង្កត់ខ្មែរជាប់រហូតដល់បារាំងចូលមក។ (តំណែងទឡ្ហៈបើប្រៀបនឹងតំណែងខ្មែរបច្ចុប្បន្ន គឺនាយករដ្ឋមន្ត្រី)។ តែមកដល់បច្ចុប្បន្ននេះ ស្ថានភាពនៅស្រុកខ្មែរ និងនៅស្រុកថៃ គឺផ្ទុយគ្នាស្រឡះ។ នៅស្រុកថៃ ដោយសារតែប្រវត្តិរបស់ខ្លួនធ្លាប់ធ្វើរដ្ឋប្រហារ វាបានធ្វើអោយទ័ពថៃក្លាយជាទ័ពមិនសូវមានប្រជាប្រិយក្នុងភ្នែកប្រជាជន។ បក្សនយោបាយថៃ និងបញ្ញវន្តថៃសុទ្ធតែមានមជ្ឈដ្ឋានដែលប្រឆាំងនឹងទ័ពថៃ។ អោយតែទ័ពថៃធ្វើទង្វើមិនទំនង មជ្ឈដ្ឋានទាំងនេះតែងតែរិះគន់ និងដាក់សម្ពាធលើទ័ពថៃ។
ចំណែកនៅខាងខ្មែរវិញ ការបញ្ជារដ្ឋបាលស៊ីវិល និងការបញ្ជាទ័ពមានលក្ខណៈជាធ្លុងមួយហើយអាចធ្វើបានដោយរលូន និងគ្មានកម្លាំងជំទាស់សោះ។ រដ្ឋាភិបាលរបស់សម្ដេចហ៊ុនម៉ាណែតអាចបញ្ជាក្រសួងនានា និងបញ្ជាទ័ពទៅកាន់ព្រំដែនបានយ៉ាងលឿនរហ័ស។ នេះក៏ព្រោះថា ទ័ពខ្មែរមានទំនៀមគោរពការបញ្ជារបស់រដ្ឋាភិបាលស៊ីវិល ហើយមេទ័ពធំៗរបស់ខ្មែរសុទ្ធតែមានការគោរព និងភក្ដីភាពចំពោះសម្ដេចហ៊ុនសែន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ចំណុចនេះ គឺជាកត្តាចម្បងមួយដែលនាំអោយសង្គ្រាមរវាងខ្មែរ និងថៃនៅព្រះវិហារកាលពីឆ្នាំ២០០៨ ចេញលទ្ធផលដូចដែលវាបានកើតឡើង។ គេគួរតែពិនិត្យសង្គ្រាមនេះដើម្បីអាចប្រមើលមើលទៅកាន់លទ្ធផលនៃការប៉ះទង្គិចរវាងទ័ពថៃ និងទ័ពខ្មែរនាពេលខាងមុខជាយថាហេតុ ព្រោះសង្គ្រាមនេះ គឺជាការច្បាំងគ្នាចុងក្រោយបំផុតរបស់ទ័ពប្រទេសទាំងពីរ។ ក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ បើតាមលទ្ធផលដែលគេអាចជឿទុកចិត្តបាន ខាងខ្មែរមានទាហានស្លាប់ចំនួន ១៩នាក់ និងជនស៊ីវិលស្លាប់ ៣នាក់ រីឯខាងថៃមានទាហានស្លាប់ចំនួន ១៦នាក់ ហើយជនស៊ីវិលស្លាប់ចំនួន ២នាក់។ បើយើងវិភាគតួលេខនេះ យ៉ាងហោចណាស់ក៏វាបានប្រាប់យើងចំនួន ២ចំណុច គឺទី១. ថៃមានទាហានស្លាប់ដែរ ដែលមានន័យថា គ្រាប់កាំភ្លើងខ្មែរមុតសាច់ទាហានថៃដូចតែគ្នា ហើយទី២. ទាហានថៃស្លាប់មានចំនួនប្រហាក់ប្រហែលទាហានខ្មែរ ដែលមានន័យថា កម្លាំងច្បាំង និងរបៀបច្បាំងរបស់ថៃអត់លើសខ្មែរទេ។
បើប្រៀបធៀបនឹងថៃ លទ្ធផលនៃសង្គ្រាមនេះមិនអាចខ្វះបានទេពីចំណុចដែលខ្មែរមានរដ្ឋបាលជាធ្លុងតែមួយ ដែលកងទ័ពមានទំនៀមស្ដាប់បញ្ជារដ្ឋាភិបាលស៊ីវិល។ ចំណុចនេះច្បាស់ជាមិនអាចខ្វះបានទេពីភាពរឹងប៉ឹងមិនតក់ស្លុតរបស់សម្ដេចហ៊ុនសែន និងការកាន់អំណាចតាំងពីវ័យក្មេង ដែលនាំអោយគាត់ឆ្លងកាត់បទពិសោធច្បាំងជាច្រើន។ ការច្បាំងជាមួយពួកត្រីភាគី (ពួកខ្មែរក្រហម សឺនសាន និងហ្វ៊ុនសិនប៉ិច) ដោយមានជំនួយពីទ័ពវៀតណាមក៏គាត់ធ្លាប់ច្បាំង, បន្ទាប់មកច្បាំងជាមួយខ្មែរក្រហមដោយគ្មានជំនួយពីទ័ពវៀតណាមក៏គាត់ធ្លាប់, ហើយច្បាំងជាមួយទាហានហ្វ៊ុនសិនប៉ិចនៅកណ្ដាលក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៧ ក៏គាត់ធ្លាប់ឆ្លងកាត់ដែរ។ ជាលទ្ធផល គឺសម្ដេចហ៊ុនសែននាំមេទ័ពខ្មែរទាំងនេះទៅរកការឈ្នះរហូត។ ឆ្លងកាត់តាមដំណើរដ៏វែងឆ្ងាយបែបនេះ ប្រាកដណាស់ គឺមេទ័ពធំៗរបស់ខ្មែរទុកចិត្តលើការដឹកនាំរបស់គាត់។ មកដល់ត្រង់នេះ ធ្វើអោយខ្ញុំនឹកឃើញដល់ពាក្យសម្ដីរបស់លោក លី ខ្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសសាំងកាពួរ ដែលគាត់កត់សម្គាល់អំពីភាពផ្ទុយគ្នានៃលក្ខណៈរបស់សម្ដេចហ៊ុនសែន និងទ្រង់នរោត្តម រណឫទ្ធិ។ លោកលីខ្វាន់យូសរសេរក្នុងសៀវភៅគាត់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គាត់បានជួបទាំងទ្រង់រណឫទ្ធិ និងស���្ដេចហ៊ុនសែន ដែលធ្លាប់ជាគូប្រយុទ្ធនឹងគ្នា។ គាត់រៀបរាប់ថា ដោយសារនៅទសវត្សរ៍ទី៨០ សាំងកាពួរធ្លាប់ជួយអាវុធ និងវិទ្យុទាក់ទងដល់ខាងហ្វ៊ុនសិនប៉ិច គាត់ក៏បានទៅមើលបន្ទាយរបស់ហ្វ៊ុនសិនប៉ិច។ ពេលទៅឃើញបន្ទាយរបស់ហ្វ៊ុនសិនប៉ិច លោកលីខ្វាន់យូ «ខកចិត្តមែនទែន (disappointed)» ដោយសារគាត់ឃើញបន្ទាយរបស់ហ្វ៊ុនសិនប៉ិច «រ៉ោករ៉ាក និងគ្មានព្រលឹងជាទ័ព (not well organized and lack military spirit)» ហើយគាត់ថា អ្វីដែលទ្រង់រណឫទ្ធិអាចធ្វើបាន គឺអសត្រឹមនោះហើយ ព្រោះទាំងទ្រង់រណឫទ្ធិ និងមេទ័ពធំៗរបស់ហ្វ៊ុនសិនប៉ិចចូលចិត្តតែស្នាក់នៅក្រុងបាងកកជាជាងនៅបន្ទាយ។ តែពេលគាត់ជួបសម្ដេចហ៊ុនសែន គាត់និយាយថា គាត់បានជួបមនុស្សម្នាក់ទៀតដែលមានលក្ខណៈខុសគ្នាស្រឡះ។ លោកលីខ្វាន់យូនិយាយពីសម្ដេចហ៊ុនសែនថា សម្ដេចហ៊ុនសែន គឺជា «អ្នកនៅរស់ដ៏រឹងប៉ឹងសល់ពីសម័យខ្មែរក្រហម (a tough survivor of the Khmer Rouge)»។ បើសិនជាយើងទៅមើលវីដេអូនៃរបៀបនិយាយរបស់សម្ដេចហ៊ុនសែនតាំងពីសម័យទសវត្សរ៍ទី៨០ យើងនឹងឃើញថា សម្ដេចហ៊ុនសែន គឺពិតជាមនុស្សរឹងប៉ឹងតាំងពីក្មេងមែន។
More to the Details:
-On Thai subjugation of Cambodia in the late 18th and early 19th centuries, see Puangthong Rungswasdisab (1995): “War and trade: Siamese interventions in Cambodia, 1767-1851” and David Chandler (2008): “A History of Cambodia”
-On Lee Kuan Yew’s assessment of Prince Ranariddh and Samdech Hun Sen, see Lee Kuan Yew (2000): “From Third World To First”


