
ភ្នំពេញ៖ ក្រោយការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងគុណវុឌ្ឍិនៃគ្រូបង្រៀន ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមពិនិត្យ និងសម្រេចចំពោះវិធានការដើម្បីរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងអប់រំ អះអាងថា ការរៀបចំនិងកំណត់គុណវុឌ្ឍិគ្រូបង្រៀនឱ្យបានសមស្រប ពិតជាចាំបាច់។ លើសពីនេះ ប្រព័ន្ធទទួលស្គាល់គុណវុឌ្ឍិជាគ្រូបង្រៀនចំណេះដឹងទូទៅ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអាជីពជាគ្រូបង្រៀន។
កាលពីថ្ងៃទី៧ មិថុនា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងសម្រេចចំពោះវិធានការដើម្បីរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ។ បើតាមក្រសួងអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀននៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ ការរៀបចំ និងកំណត់គុណវុឌ្ឍិគ្រូបង្រៀនឱ្យបានសមស្រប ពិតជាចាំបាច់។
«ប្រព័ន្ធទទួលស្គាល់គុណវុឌ្ឍិជាគ្រូបង្រៀនចំណេះដឹងទូទៅ (Accreditation) គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអាជីពជាគ្រូបង្រៀន (ទាំងជាគ្រូបង្រៀនក្របខ័ណ្ឌនិងមិនមែនក្របខ័ណ្ឌ) ចាប់ពីដំណាក់កាលនៃការជ្រើសរើស និងការអភិវឌ្ឍសមត្ថភាពជាប្រចាំ ដោយផ្អែកលើគោលការណ៍ នៃការរៀបចំនិងកំណត់គុណវុឌ្ឍិគ្រូបង្រៀនចំណេះដឹងទូទៅ។»។ នេះជាខ្លឹមសារផ្សព្វផ្សាយលើគណនីផ្លូវការរបស់ក្រសួងអប់រំ។
បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យអំពីការកំណត់គុណវុឌ្ឍិគ្រូបង្រៀនចំណេះដឹងទូទៅ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ចាប់ផ្ដើមកំណែទម្រង់វិធីសាស្ត្រនៃការជ្រើសរើសនិងបណ្តុះបណ្តាលសិស្ស និស្សិត នៅតាមសាលាគរុកោសល្យផងដែរ។ ការកែទម្រង់នេះ ដើម្បីឱ្យសិស្ស និស្សិត បានបំពេញគុណវុឌ្ឍិជាជាគ្រូបង្រៀនពេញលក្ខណៈ ក្នុងការជ្រើសរើសឱ្យចូលបង្រៀន ជាវិធីសាស្ត្រកសាងជាមុននូវធនធានមនុស្សមានលក្ខណៈសម្បត្តិជាគ្រូបង្រៀន។
ពាក់ព័ន្ធនឹងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនួសគ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនថ្នាក់ពីរវេន និងគ្រូបង្រៀនថ្នាក់គួបវិញ ក្រសួងអប់រំ បញ្ជាក់ថា មិនមានផលប៉ះពាល់លើបន្ទុកថវិកានោះទេ។ អ្វីដែលពិសេសនោះ គឺជួយពង្រឹងគុណភាពគ្រូបង្រៀន ការបង្រៀន និងជាការផ្តល់ឱកាសការងារថ្មីដល់យុវជន ជាង១ម៉ឺនកន្លែងផងដែរ។ នេះបើតាមក្រសួងអប់រំ៕


