កម្ពុជា ត្រៀមទទួលទស្សនកិច្ចរបស់ប្រមុខការពារជាតិអាម៉េរិក នៅពេលខាងមុខ

tikchhang

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា (ស្តាំ) និងលោក Adrew Byers ឧបការីរងរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

កម្ពុជារីករាយក្នុងការទទួលស្វាគមន៍ និងត្រៀមសម្របសម្រួលទស្សនកិច្ចផ្លូវការរបស់លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ដែលគ្រោងទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។ ឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៤ ខែមិថុនា។

ក្នុងជំនួបជាមួយលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៤ ខែមិថុនា នៅក្រសួងការពារជាតិ ភាគីទាំងពីរ បានពិភាក្សាជាថ្មីពីដំណើរទស្សនកិច្ចរបស់លោក Pete Hegseth ប្រមុខការពារជាតិអាម៉េរិក នៅកម្ពុជា។ 

«ភាគីកម្ពុជារីករាយក្នុងការទទួលស្វាគមន៍ និងត្រៀមសម្របសម្រួលទស្សនកិច្ចផ្លូវការរបស់ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក ដែលគ្រោងមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ»។ ឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់បែបនេះ ដោយបន្តថា កម្ពុជានៅតែ រក្សាជំហរក្នុងការរក្សា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជានិច្ចជាមួយអាម៉េរិក។ 

ទន្ទឹមនេះ កម្ពុជា បានស្នើភាគីអាម៉េរិកបន្តផ្តល់អាហារូបករណ៍ រួមមាន វគ្គនាយទាហានសកម្មនៅបណ្តាបណ្ឌិត្យសភា West Point, Naval Academy និង Air Force Academy វគ្គបញ្ជាការសេនាធិការ, វគ្គយុទ្ធសាស្រ្តការពារជាតិ និងវគ្គសិក្សាខ្លីនៅ APCSS និង Marshal Center ប្រទេសអាល្លឺម៉ង់ ដូចដែលបានកំពុងផ្តល់ឱ្យផងដែរ។ 

ជាការឆ្លើយតប លោកឧបការីរង បានសន្យាថា ភាគីអាម៉េរិកនឹងបន្តផ្តល់បន្ថែមបេក្ខភាព សម្រាប់វគ្គបញ្ជាការសេនាធិការ និងវគ្គយុទ្ធសាស្រ្តការពារជាតិ ក៏ដូចជាការបណ្តុះបណ្តាលជំនាញឯកទេសផ្សេងៗទៀត ក្រោមកម្មវិធី IMET។ 

នៅក្នុងខែឧសភាកន្លងមក មន្ទីរបញ្ចកោណអាម៉េរិក បានប្រកាសថា នាវាអាម៉េរិក នឹងចូលចត ហើយធ្វើលំហាត់សមជើងទឹក នៅកំពង់ផែរាម នៅក្នុងឆ្នាំនេះ។ លោក Pete Hegseth នឹងធ្វើទស្សនកិច្ចទៅនាវារបស់អាម៉េរិក ក្នុងពេលចូលចតនៅកំពង់ផែរាមផងដែរ៕

Comments

wondercury

សួស្តី បង ការជួបគ្នានៅថ្ងៃ 24មិថុនា ? ដូច្នេះដំណឹងពត៌មាននេះហួសពេលបរិច្ឆេទហើយបង។អធ្យាស្រ័យ