លោកត្រាំ ដាក់សម្ពាធឲ្យសមាជិកអង្គការអូតង់ បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុក

tikchhang

នៅប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា​ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់អង្គការសន្ធិសញ្ញា​អាត្លង់​ទិកខាងជើង ហៅកាត់ អូតង់។ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែត មុនពេលចូលប្រជុំ ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិករូបនេះ បានដាក់សម្ពាធបង្ខំឲ្យប្រទេសសមាជិក​អូតង់​បង្កើនវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន។

គ្រាន់តែមកជាន់ដីទីក្រុងព្រុចសែលភ្លាម រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសដាក់សម្ពាធភ្លាមតែម្តង ដោយជំរុញឲ្យប្រទេសសមាជិកអង្គការអូតង់ បង្កើន​វិភាគទានដើម្បីទ្រទ្រង់សម្ព័ន្ធយោធាអូតង់។ 


ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រមុខដឹកនាំមន្ទីរបញ្ចកោណអាមេរិករូបនេះ បានបញ្ជាក់ថា ជំហរសហរដ្ឋអាមេរិក គឺដើម្បីពិភាក្សាពីការបង្កើនបញ្ចប់ថវិកាការពារជាតិ និងការរក្សា​សន្តិភាពដោយប្រើកម្លាំងយោធា។ ជាថ្មីម្តងទៀត លោករំឭកមិនឲ្យគេពឹងផ្អែកផ្តេកផ្តួល​តែទៅលើកម្លាំងយោធាអាមេរិកទាំងស្រុង ដ្បិតប្រភពនៃការគំរាមកំហែងយោធា​ក្នុង​ពិភពលោកកាន់តែកើនខ្ពស់ខ្លាំង។


លោក Pete Hegseth បានសង្កត់ធ្ងន់ថា រដ្ឋសមាជិកអូតង់ ​ត្រូវចូលរួមបង្កើនវិភាគទាន​ឲ្យកាន់តែច្រើនឡើង ដើម្បីសន្តិសុខរបស់ពួកគេ ពោលគឺត្រូវបង្កើនថវិកាឲ្យដល់ ៥% នៃ​ផលិតផលសរុបក្នុងស្រុករបស់ខ្លួន។ ចំនួននេះ​អនុលោមតាមកម្មវត្ថុ​ នៃបន្ទាត់នយោបាយ​របស់រដ្ឋបាលអាមេរិក ដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ។ 


តាមរដ្ឋមន្ត្រីការពារជាតិអាមេរិក សំណើបង្កើនវិភាគទានឲ្យដល់ ៥%នេះ ត្រូវសម្រេចឲ្យ​បានដើម្បីដាក់ឲ្យអនុម័ត នៅក្នុងជំនួបកំពូលថ្នាក់ដឹកនាំអូតង់ នៅថ្ងៃទី២៤ និង២៥ មិថុនា ខាងមុខ។ ជំនួបកំពូលដែលនឹងរៀបចំធ្វើនៅក្រុងឡាអេ ប្រទេសហូឡង់ និងដោយមាន​ការចូលរួមពីលោក ដូណាល់ ត្រាំ។


តាមពិតទៅ មុននឹងការលើកឡើងរបស់ប្រមុខមន្ទីរបញ្ចកោណអាមេរិក សំណើសុំឲ្យ​ប្រ​ទេសសមាជិកដំឡើងវិភាគទាន ៥% នៃផលិតផលសរុបក្នុងស្រុក ក៏បានលើកឡើង​ដោយអគ្គលេខាធិការអង្គការអូតង់ លោក Mark Rutte ដែរ។ តែលោក Mark Rutte បានស្នើឲ្យចែកចេញជា ២ដំណាក់កាល។ ទី១ ដំឡើង ៣,៥% ចាប់ពីពេលនេះដល់ឆ្នាំ ២០៣២ ហើយដំណាក់កាលទី២ បង្កើន ១,៥% ទៅក្នុងវិស័យសន្តិសុខ រួមទាំងកិច្ចការ​ពារព្រំដែន ជ្រើសរើសទាហាន និងផ្នែកសន្តិសុខទប់ស្កាត់ការវាយប្រហារព័ត៌មានវិទ្យា។


គួរជ្រាបថា កាលពីឆ្នាំ២០១៤ អូតង់ បានកំណត់ឲ្យរដ្ឋសមាជិកបង់វិភាគទាន ២% នៃផលិត​ផលសរុបក្នុងស្រុករបស់ខ្លួន រហូតដល់ឆ្នាំ២០២៤។ តែរហូតមកដល់ពេលនេះ គឺនៅមាន រដ្ឋសមាជិកខ្លះ មិនទាន់បានបំពេញកាតព្វកិច្ចឲ្យបានគ្រប់គ្រាន់នៅឡើយទេ។ គេបាន​ចង្អុលមុខ ប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសតូចៗមួយចំនួនទៀត។


ទោះជាយ៉ាងនេះក្តី ក្នុងឱកាសប្រជុំរដ្ឋមន្ត្រីការពារជាតិអូតង់ នៅបែលហ្ស៊ិកពេលនេះ អាល្លឺ​ម៉ង់ ដែលមានសេដ្ឋកិច្ចទី១ ឈានមុខគេនៅក្នុងប្រទេសរង្វង់សហភាពអឺរ៉ុប បាន​ប្រកាសពី​ការបង្កើនវិភាគទានដល់ ៥% នៃផលិតផលសរុបក្នុងស្រុក។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់ Boris Pistorius ក៏បានប្រកាសពីការចង់បង្កើនចំនួនកងទ័ពពី ៥ ទៅ ៦ ម៉ឺននាក់បន្ថែម​ទៀត​។


ក្នុងឆ្នាំ២០២៤ ក្រសួងការពារជាតិអាល្លឺម៉ង់ ​បានកំណត់ផែនការដ៏មហិច្ឆតា​ដើម្បីបង្កើន​យោធា​ឲ្យច្រើនជាង ២០៣ ០០០ នាក់ ក្នុងឆ្នាំ២០៣១ ហើយការជ្រើសរើសទាហាន អាល្លឺម៉ង់ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត សម្រាប់យុវជនមានអាយុចាប់ពី ១៨ ឆ្នាំឡើង៕

Comments