ការរឹតបន្តឹងការនាំចេញរ៉ែដីកម្ររបស់ទីក្រុងប៉េកាំង គឺជាយុទ្ធសាស្ត្រយកប្រៀបលើដៃគូពាណិជ្ជកម្មដែលតែងដាក់សម្ពាធលើខ្លួនជាពិសេសលោកខាងលិច ស្របពេលស្ថានភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើង។
ចិនបច្ចុប្បន្នមានសិទ្ធិផ្តាច់មុខស្ទើរតែទាំងអស់ លើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែដីកម្រពិភពលោក រាប់ចាប់ពីការជីកយករ៉ែ ការចម្រាញ់ រហូតដល់ការផលិត។ សម្ភារទាំងនេះ ដើរតួយ៉ាងសំខាន់ក្នុងបច្ចេកវិទ្យាទំនើប ដែលប្រើប្រាស់យ៉ាងច្រើននៅក្នុងស្មាតហ្វូន រថយន្តអគ្គិសនី តួប៊ីនខ្យល់ និងឧបករណ៍ការពារផ្សេងៗ។ នេះបើតាមកាសែត Politico នៅថ្ងៃទី១៨ ខែមិថុនា។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីសប្តាហ៍មុនថា លោកបានឈានដល់ «កិច្ចព្រមព្រៀងក្របខ័ណ្ឌ»ជាមួយទីក្រុងប៉េកាំង ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ដោយចិនបានប្តេជ្ញាផ្តល់ការផ្គត់ផ្គង់រ៉ែដីកកម្រគ្រប់គ្រាន់ ។ ជាថ្នូរមកវិញ អាម៉េរិកបានយល់ព្រមដកផែនការដកទិដ្ឋាការសម្រាប់និស្សិតចិន។
ទោះជាយ៉ាងណា ភាពតានតឹងនៅតែមាននៅលើឆាកអន្តរជាតិ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ចោទចិនថា បានប្រើប្រាស់ឋានៈជាអ្នកនាំមុខគេក្នុងការផលិត និងកែច្នៃវត្ថុធាតុដើមសំខាន់ៗជាឧបករណ៍ ឬ «អាវុធ» ដើម្បីបង្កើនឥទ្ធិពល ឬសម្ពាធលើប្រទេសដទៃទៀត។
នៅក្នុងសន្និសីទនេះ មេដឹកនាំ G7 ត្រូវបានគេរំពឹងថានឹងអនុម័ត «ផែនការសកម្មភាពស្តីពីរ៉ែសំខាន់ៗ» ប៉ុន្តែនឹងមិននិយាយអំពីចិនដោយផ្ទាល់ទេ ប៉ុន្តែគ្រាន់តែនិយាយអំពី«គោលនយោបាយគ្មានទីផ្សារ» នៅក្នុងតំបន់នេះជារួម។ អ្នកជំនាញមើលឃើញថា ចិនកំពុងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លី ដោយសារវិធានការត្រួតពិនិត្យការនាំចេញដ៏រឹងមាំរបស់ខ្លួន ដែលលើសពីផលប៉ះពាល់នៃពន្ធគយរបស់អាម៉េរិកឆ្ងាយ។
វិធានការត្រួតពិនិត្យការនាំចេញដែលចិនបានអនុវត្តចាប់ពីខែមេសា មិនត្រឹមតែផ្តោតលើអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែអនុវត្តចំពោះគ្រប់ប្រទេស ដោយតម្រូវឱ្យក្រុមហ៊ុននានាត្រូវស្នើសុំការអនុញ្ញាតជាលក្ខណៈឯកត្តរាល់ការដឹកជញ្ជូននីមួយៗ។
បទប្បញ្ញត្តិនេះ បានបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ជាសកល។ លោក Stefan Steinicke អ្នកជំនាញផ្នែកវត្ថុធាតុដើមនៃសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ បាននិយាយថា ដំណើរការអនុម័តការអនុញ្ញាតបច្ចុប្បន្នកំពុងជាប់គាំង ដែលនាំឱ្យមានស្ថានភាព«ហាមប្រាមការនាំចេញជាបណ្តោះអាសន្ន និងបណ្តាលឱ្យមានការពន្យាពេលនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទាំងមូល។
ចាប់តាំងពីឆ្នាំ២០២០ ចិនបានពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់គ្រប់គ្រងការនាំចេញ រួមទាំងទំនិញប្រើប្រាស់ទាំងស៊ីវិលនិងយោធា។ វិធានការទាំងនេះត្រូវបានជំរុញដើម្បីពង្រីកឥទ្ធិពល និងប្រមូលព័ត៌មានលម្អិតអំពីខ្សែច្រវាក់ផ្គត់ផ្គង់សកល។
បច្ចុប្បន្ន ចិនគ្រប់គ្រងប្រមាណ ៦១ភាគរយនៃផលិតកម្មរ៉ែដីកម្រ និង ៩២ភាគរយនៃសមត្ថភាពចម្រាញ់ដីកម្រទូទាំងពិភពលោក ដោយផ្គត់ផ្គង់ស្ទើរតែទាំងស្រុងនូវដីកម្រ និងមេដែកទៅឱ្យសហភាពអឺរ៉ុប (EU)។ តម្រូវការសកលសម្រាប់សម្ភារៈទាំងនេះ ត្រូវបានគេព្យាករថានឹងកើនឡើង ៥០-៦០ភាគរយនៅឆ្នាំ២០៤០ ដែលធ្វើឱ្យការពឹងផ្អែកលើទីក្រុងប៉េកាំងកាន់តែគួរឱ្យព្រួយបារម្ភ។
លោក Philip Andrews-Speed អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវថាមពល Oxford បានវាយតម្លៃថា ស្ថានភាពនេះធ្ងន់ធ្ងរ ព្រោះរ៉ែដីកម្រមានសារៈសំខាន់ខ្លាំងក្នុងឧស្សាហកម្ម ចាប់ពីការផលិតរថយន្ត តួប៊ីនខ្យល់ រហូតដល់វិស័យការពារជាតិ។
ទោះបីសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចកំពុងជំរុញការកែច្នៃឡើងវិញ បង្កើនផលិតកម្មក្នុងស្រុក និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពផ្គត់ផ្គង់ពីចិនក៏ដោយ អ្នកជំនាញយល់ថា លទ្ធភាពបំបែកឥទ្ធិពលគ្រប់គ្រងរបស់ទីក្រុងប៉េកាំងក្នុងរយៈពេលខ្លីគឺទាបណាស់។ ការជីកយករ៉ែ និងចម្រាញ់ដីកម្រទាមទារបច្ចេកវិទ្យាទំនើប និងការវិនិយោគដ៏ច្រើន ខណៈដែលបំណែករ៉ែភាគច្រើនស្ថិតនៅក្រៅទឹកដីអឺរ៉ុប។
តាមការវិភាគ អត្ថប្រយោជន៍របស់ចិននៅក្នុងវិស័យរ៉ែដីកម្រគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ទីក្រុងប៉េកាំងកំពុងគ្រប់គ្រងសម្ភារយុទ្ធសាស្ត្រផ្សេងទៀតដូចជា លីចូម និងកូបល ហើយកំពុងពង្រីកតួនាទីរបស់ខ្លួននៅក្នុងដំណាក់កាលស៊ីជម្រៅនៃខ្សែច្រវាក់តម្លៃសកល៕


