លោក Inzaghi ចេញពីតំណែងអ្នកចាត់ការ Inter Milan ក្រោយខកចិត្តពីរលើកនៅ​ UCL

tikchhang

លោក Simone Inzaghi បានចុះចេញពីតំណែងអ្នកចាត់ការក្រុម Inter Milan ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចាញ់ Paris Saint Germain យ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៥-០ ជំនួបវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងលីគកំពូលអ៊ីតាលី។


Inter Milan ក៏ជាក្រុមមួយបញ្ចប់រដូវកាល ដោយគ្មានឈ្នះពានរង្វាន់អ្វីទាំងអស់ បន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ UCL ជាពានរង្វាន់មួយចុងក្រោយ ដែលពួកគេត្រូវប្រជែង។ នៅក្នុងលីគកំពូលអ៊ីតាលី Serie A វិញ Inter Milan របូតពានរង្វាន់លីគកំពូល ទៅ SSC Napoli។​ Inter Milan ក៏បានចាញ់ AC Milan ​ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italie ផងដែរ។

Inter Milan ត្រូវការស្វែងរកអ្នកចាត់ការក្រុមថ្មីជំនួសលោក Inzaghi ដើម្បីដឹកនាំក្រុមក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥។ 

សម្រាប់លោក Inzaghi ដែលបានចំណាយពេល ៤ឆ្នាំ ដឹកនាំក្រុម Inter Milan លោកបានជួយឱ្យក្រុមជើងខ្លាំងអ៊ិតាលីមួយនេះ ឈ្នះពានរង្វាន់ Serie A ១លើក, Coppa Italia ២លើក និងពានរង្វាន់ Italian Super Cup ៣លើក។ អ្វីដែលខកចិត្ត អ្នកចាត់ការវ័យ៤៩ឆ្នាំ ខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ UCL ដល់ទៅ២លើក ជាមួយ Inter Milan។

យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីមួយចំនួន បានចុះផ្សាយថា លោក Inzaghi នឹងទៅដឹកនាំក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីត ហើយត្រូវមានភារកិច្ចដឹកនាំក្រុមជើងខ្លាំងក្នុងលីគកំពូល Saudi Pro League ទៅប្រកួតក្នុងព្រឹត្តិការណ៍ FIFA Club World Cup នៅអាម៉េរិក។ ក្លិប Inter Milan អះអាងថា ការសម្រេចចិត្តចាកចេញរបស់អតីតខ្សែប្រយុទ្ធ AC Milan រូបនេះ គឺធ្វើតាមកិច្ចព្រមព្រៀងរវាងក្លិប និងបុគ្គល។

ចំណែកការចុះផ្សាយរបស់កាសែត La Gazzetta dello Sport អ្នកចាត់ការក្រុម Como លោក Cesc Fabregas និងគ្រូបង្វឹកក្រុម​ Olympique de Marseille លោក Roberto de Zerbi ជាបេក្ខភាពដែលនឹងអាចចូលជំនួសតំណែងអ្នកចាត់ការនៅក្លិប Inter Milan។

មិនមែនមានតែលោក Inzaghi ម្នាក់ឡើយ បានប្រកាសចាកចេញពីតំណែងអ្នកចាត់ការ Inter Milan នៅក្នុងលីគអ៊ីតាលី អ្នកចាត់ការក្រុមមួយចំនួនទៀតក៏បានប្រកាសចាកចេញពីតំណែងដូចគ្នា។ ​លោក ​Marco Baroni ចាកចេញពីក្លិប Lazio ក្រោយដឹកនាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៧។ ក្លិប Atalanta កំពុងរកគ្រូបង្វឹកថ្មី ក្រោយពីលោក Gian Piero Gasperini ចេញពីតំណែង។

ក្លិប AC Milan ទទួលបានលោក Massimiliano Allegri មកដឹកនាំជាលើកទី២ ក្រោយពីក្លិបបានបណ្តេញលោក Sergio Conceicao ចេញពីតំណែង ក្រោយក្លិបបរាជ័យមិនអាចប្រជែងពានកៅអី UEFA Champions League រដូវកាលក្រោយ៕

Comments