ស្ថានទូតកម្ពុជាប្រចាំអ៊ីស្រាអែល អំពាវនាវឱ្យពលរដ្ឋខ្មែរ បង្កើនការប្រុងប្រយ័ត្ន

tikchhang

ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា អំពាវនាវឱ្យ ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា

នៅ ប្រទេសអ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្ន និងស្ដាប់ការណែនាំពីអាជ្ញាធរអ៊ីស្រាអែល ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់ មានការវាយប្រហារសងសឹកគ្នាកាន់តែខ្លាំង។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល កត់សម្គាល់ឃើញ ជម្លោះប្រដាប់អាវុធរវាង ប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងតែតានតឹង និងគ្រោះថ្នាក់ជាខ្លាំង។ ប្រទេសទាំងពីរ វាយប្រហារសងសឹកគ្នា ទ្រង់ទ្រាយធំ បើកចំហ អស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧មិថុនា នៅតែមិនទាន់បញ្ចប់នៅឡើយ។


ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែលបានប្រាប់ពលរដ្ឋខ្មែរនៅទីនោះបែបនេះ៖ «សូមអំពាវនាវ

ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន»។ 


ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ឱ្យពលរដ្ឋខ្មែរ ទាក់ទងស្ថានទូតកម្ពុជានៅទីនោះ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា។ ក្រៅពីនេះ ពលរដ្ឋខ្មែរ ក៏អាចទាក់ទងតាម តាមរយៈទូរស័ព្ទ +90 534 459 9689 +855 87 656 262 និងខាងកុងស៊ុលកម្ពុជាប្រចាំអ៊ីស្រាអែល តាមលេខ៖ +972 52-606-3333 នេះ។


សូមជម្រាបថា ជម្លោះរវាងទីក្រុងតែលអាវីវ និងទីក្រុងតេហេរ៉ង់ បានផ្ទុះឡើងនៅថ្ងៃទី១៣ ខែមិថុនា នៅ​ពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស លើអ៊ីរ៉ង់ ជាមួយនឹងប្រតិបត្តិ ការ Lion Rising ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ជាច្រើន។ 


បន្ទាប់មក អ៊ីរ៉ង់បានសងសឹកជាមួយនឹងប្រតិបត្តិការ True Promise 3។ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ ប្រទេសទាំងពីរបានបាញ់គ្រាប់ផ្លោង កាំជ្រួច ជាបន្តបន្ទាប់នៅទឹកដីគ្នាទៅ​វិញទៅមក ដែលបណ្តាលឱ្យមានជនស៊ីវិលរងរបួសទាំងសងខាង។


ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៦ ខែមិថុនា បានអំពាវនាវឱ្យជម្លៀស​ពេលរដ្ឋចេញជាបន្ទាន់ក្នុងរដ្ឋធានីតេហេរ៉ង់ ដែលមានប្រជាជនប្រហែល ១០លាននាក់។ ទន្ទឹម​នេះ រុស្ស៊ីក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនមួយចំនួននៅអ៊ីរ៉ង់ ហើយបានផ្អាកប្រតិ​បត្តិ​ការ​កុងស៊ុលនៅទីក្រុងតេហេរ៉ង់ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។


មន្ត្រីអ៊ីរ៉ង់បាននិយាយថា មនុស្សចំនួន ២២៤ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាជន​ស៊ីវិលក្នុងរយៈពេល ៥ថ្ងៃនៃការប្រយុទ្ធគ្នា។ នៅអ៊ីស្រាអែល ជនស៊ីវិល ២៤​នាក់ ត្រូវ​បាន​សម្លាប់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានបញ្ជាក់ថា ជនស៊ីវិលអ៊ីស្រាអែលជិត ៣ ០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ ដែលរងការខូចខាត ដោយ​សារការវាយប្រហាររបស់អ៊ីរ៉ង់៕

Comments