ឧក្រិដ្ឋជនគ្រឿងញៀន២នាក់ ដែលបាញ់តដៃពេលចុះបង្ក្រាបបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់

tikchhang

(បន្ទាយមានជ័យ)៖ ឧក្រិដ្ឋជនគ្រឿងញៀន២នាក់ បានបាញ់តដៃមកដល់កម្លាំងនគរបាលខេត្តកំពង់ធំ ពេលចុះបង្ក្រាបបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្ដ្រស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោយមកជនដៃដល់ទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងគេចខ្លួនបាត់។


ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, រហូតដល់យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងជំនាញកំណត់បានទីតាំងលាក់ខ្លួនរបស់ជនដៃដល់ទាំងពីរនាក់ និងឈានដល់ការចាប់ខ្លួនបាននៅភូមិ​ទួល​ពង្រ​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។


ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


សូមរំលឹកថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក។


ជនល្មើសទាំង២នាក់ ដែលកម្លាំងនគរបាលចាប់ខ្លួន រួមមាន៖


ទី១៖ ឈ្មោះ ថន ឌីណា អាយុ៣៥ឆ្នាំ ជាជនដៃដល់

ទី២៖ ឈ្មោះ ថន សៀងហៃ អាយុ២៩ឆ្នាំ ជាអ្នកដឹក។


ក្នុងអំឡុងពេលប្រតិបត្តិការ ស្រាប់តែជនល្មើសបានបាញ់តដៃមកដល់សមត្ថកិច្ចតែម្ដង។ ពេលនេះ បានបណ្ដាលឲ្យលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈនគរបាលម្នាក់ទៀត រងរបួសធ្ងន់។


ក្រោយបាញ់តដៃរួច ក្រុមជនល្មើសដែលប្រដាប់ដោយអាវុធនោះ បានឆ្លៀតយកអាវុធខ្លីរបស់សមត្ថកិច្ចដែលនៅជាប់ខ្លួនមួយដើមទៀត ជិះម៉ូតូរត់គេចខ្លួនតែម្ដង៕

Comments