Man City រងពិន័យ ១,៤៥លានដុល្លារ ចំពោះការពន្យារពេលចាប់ផ្តើមប្រកួត​ ៩លើក រដូវកាលមុន

tikchhang

Premier League ពិន័យក្លិប Manchester City ជាប្រាក់ប្រមាណ ១,៤៥លានដុល្លារ ចំពោះ​ការពន្យារពេលចាប់ផ្តើមការប្រកួតចំនួន ៩លើក កាលពីរដូវកាលមុន។ ក្របខណ្ឌ Premier League កាលពីថ្ងៃទី១៩ ខែមិថុនា ប្រកាសថាក្រុម Man City ដឹកនាំដោយលោក Pep Guardiola បានបំពានច្បាប់ ដោយតែងតែផ្លាស់ប្តូរ និងលើកពេលចាប់ផ្តើមការប្រកួត​របស់​ខ្លួន ចាប់ពីចន្លោះខែតុលា ឆ្នាំ​២០២៤ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។


ការពន្យារពេលការប្រកួតយូរបំផុត ក្នុងចំណោមការប្រកួតទាំង ៩នោះ គឺរយៈពេល ២នាទី និង២៤វិនាទី មុនពេលការប្រកួតត្រូវបានឱ្យចាប់ផ្តើម ហើយហេតុការណ៍នេះ​កើតឡើង​អំ​ឡុង​ការប្រកួតទល់នឹងក្រុម Manchester United ក្នុងកីឡដ្ឋាន Old Trafford កាលពីខែធ្នូ ឆ្នាំ២០២៤។

តាមការប្រកាសរបស់ស្ថាប័ន Premier League ក្រុមរហស្សនាមមេឃខៀវ ក៏យល់ព្រម​ទទួលកំហុស និងបានសុំទោសចំពោះបញ្ហាកើតមានឡើង។

យ៉ាងណារឿងនេះ មិនមែនតែទើបកើតឡើងនោះទេ ពីក្រុម​ Man City។ កាលពីរដូវកាល ២០២៣-២៤ ពួកគេបានបំពានច្បាប់ពន្យារពេលមុនការប្រកួត ចំនួន​ ២២ករណី ដែលរង​ពិន័យជាប្រាក់ប្រមាណជាង ២,៥លានដុល្លារ។

រដូវកាលមុន Man City បញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងលីគកំពូលអង់គ្លេស និងគ្មានឈ្នះ​ពាន​រង្វាន់អ្វីមួយសោះ បន្ទាប់ពីពួកគេ គ្រងជើងឯក Premier League ៤រដូវកាល ជាប់គ្នា។ បច្ចុប្បន្នក្លិប Man City កំពុង​ប្រកួតប្រជែងក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ដែលមានតម្លៃប្រាក់រង្វាន់បែងចែកសរុប​ ជាង ១ពាន់លានដុល្លារ៕

Comments