
ក្រសួងការពារជាតិ នារសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ដូចជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ផងដែរ កងទ័ពកម្ពុជាបន្តឈរជើងនៅក្នុងដែនអធិបតេយ្យភាពខ្លួន ហើយរាល់សកម្មភាពទ័ព គឺក្នុងគោលដៅត្រៀមការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។
«ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ»។ ក្រសួងការពារជាតិ បានអះអាងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ ក្រសួងការពារជាតិ បានបញ្ជាក់ការគាំទ្រដំណោះស្រាយសន្តិវិធី និងការត្រៀមខ្លួនអនុវត្តបញ្ជារបស់រដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាន រួមទាំងការត្រៀមខ្លួនចូលរួមគាំទ្រយន្តការចរចាព្រំដែនជាមួយថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ (JBC) ក្រៅពីចំណុចរសើប៤ (តំបន់មុំ៣, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី) ដែលនឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕


