លោក Macron លើកបង្ហាញថា បារាំង-អឺរ៉ុបជា «ដៃគូគួរឲ្យទុកចិត្ត»

tikchhang

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍នៅចុងសប្តាហ៍នេះ ដើម្បីបង្ហាញប្រទេសបារាំង និងអឺរ៉ុបថាជា «ដៃគូដែលអាចទុកចិត្តបាន និងគ្មានចំណងភ្ជាប់» ខណៈដែលសហរដ្ឋអាមេរិក និងចិន កំពុងប្រើប្រាស់មធ្យោបាយកាន់តែខ្លាំងឡើង ដើម្បីដណ្ដើមឥទ្ធិពលក្នុងតំបន់។ នេះបើតាមមន្ត្រីបារាំង និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥។

លោក Macron គ្រោងនឹងទៅដល់ទីក្រុងហាណូយនៅថ្ងៃអាទិត្យ ហើយនឹងបន្តទៅឥណ្ឌូណេស៊ី និងសិង្ហបុរី ជាកន្លែងដែលលោកនឹងថ្លែងនៅវេទិកា Shangri-La Dialogue។ ទីប្រឹក្សាប្រធានាធិបតីបារាំងបាននិយាយថា លោក Macron នឹងបង្ហាញបារាំង និងអឺរ៉ុបថាជាអ្នកការពារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មផ្អែកលើច្បាប់ ខុសពីមហាអំណាចដទៃដែលប្រើវិធីសាស្ត្រ Donald Trump កាន់តែច្រើន។ សម្រាប់វៀតណាម ដែលរងសម្ពាធពីពន្ធគយអាមេរិក បារាំងចង់ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងទីផ្សាររបស់ខ្លួន ហើយកិច្ចព្រមព្រៀងជាច្រើនអាចនឹងត្រូវបានចុះហត្ថលេខា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំចិន ជប៉ុន និងប្រទេសអឺរ៉ុបផ្សេងទៀត បានទៅទស្សនកិច្ចតំបន់នេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អាស៊ីអាគ្នេយ៍ ចំពេលមានភាពមិនច្បាស់លាស់លើខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល។

លោក Macron ក៏​នឹង​ប្រើប្រាស់​សុន្ទរកថា​នៅ​ឥណ្ឌូណេស៊ី និង​សិង្ហបុរី ដើម្បី​លុបបំបាត់ «ការ​យល់​ខុស» អំពី​ជំហរ​អឺរ៉ុប​លើ​ជម្លោះ​នានា ដោយ​បដិសេធ​ការចោទប្រកាន់​ពី «ស្តង់ដារ​ពីរ» លើ​បញ្ហា​ហ្គាហ្សា និង​កំណត់​បញ្ហា​អ៊ុយក្រែន​ថា​មិនមែន​ជា​បញ្ហា​អឺរ៉ុប​តែ​មួយ​មុខ​នោះ​ទេ។ ការ​រិះគន់​របស់​លោក​លើ​គោលនយោបាយ​អ៊ីស្រាអែល​នៅ​ហ្គាហ្សា ដែល​លោក​ហៅ​ថា «គួរ​ឲ្យ​អាម៉ាស់» ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចាប់អារម្មណ៍​នៅ​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​មូស្លីម​ច្រើន​ជាង​គេ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Macron នៅអាស៊ីអាគ្នេយ៍នេះ គឺជាការប៉ុនប៉ងរបស់បារាំង និងអឺរ៉ុប ក្នុងការដើរតួនាទីឯករាជ្យ និងស្ថាបនាមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង៕

Comments