(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃចន្ទថា ខ្លួននឹងបើកកិច្ចពិភាក្សាជាបន្ទាន់មួយនៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គារ ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី៩ ខែកញ្ញា ដែលសំដៅលើមេដឹកនាំហាម៉ាសនៅប្រទេសកាតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចពិភាក្សានេះត្រូវបានស្នើសុំឡើងដោយប្រទេសប៉ាគីស្ថាន ក្នុងនាមជាតំណាងរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងដោយប្រទេសគុយវ៉ែត ក្នុងនាមជាតំណាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ ការស្នើសុំនេះកើតឡើងស្របពេលដែលមេដឹកនាំនៃរដ្ឋអារ៉ាប់ និងអ៊ីស្លាមកំពុងជួបប្រជុំគ្នានៅទីក្រុងដូហា ដែលគេរំពឹងថាពួកគេនឹងព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា និង «អំពើអរិភាព» ផ្សេងទៀត គំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានភាពប្រក្រតីឡើងវិញនៅក្នុងតំបន់។
បេសកកម្មអ៊ីស្រាអែលប្រចាំទីក្រុងហ្សឺណែវ បានហៅការសម្រេចចិត្តបើកកិច្ចពិភាក្សាជាបន្ទាន់នេះថាជា «រឿងមិនសមហេតុផល» ហើយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លទ្ធផលណាមួយដែលចេញពីកិច្ចពិភាក្សានេះ នឹងក្លាយជាស្នាមប្រឡាក់មួយសម្រាប់យន្តការសិទ្ធិមនុស្ស»។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី៩ ខែកញ្ញា ដែលក្រុមហាម៉ាសនិយាយថាបានសម្លាប់សមាជិករបស់ខ្លួន ៥នាក់ បានជំរុញឱ្យរដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្រ បង្ហាញសាមគ្គីភាព និងបានបន្ថែមភាពតានតឹងដល់ទំនាក់ទំនងរវាងអារ៉ាប់រួម និងអ៊ីស្រាអែល។ អ៊ីស្រាអែលត្រូវបានគេចោទប្រកាន់យ៉ាងទូលំទូលាយពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៦៤,០០០នាក់។ ទោះជាយ៉ាងណា អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងពីសិទ្ធិការពារខ្លួន ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស ១,២០០នាក់៕




