
កម្ពុជា ត្រៀមចរចាជុំទី២ស្តីពីពន្ធគយ ជាមួយភាគីអាម៉េរិក នៅថ្ងៃទី៤ ខែមិថុនា។ ការចរចាជាថ្មីនេះ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទឹកដីសហរដ្ឋអាម៉េរិក។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ ក្នុងកិច្ចអន្តរាគមន៍ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា នៅល្ងាចថ្ងៃទី៣ ខែមិថុនានេះ។
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ស្អែកនេះ (ថ្ងៃទី៤មិថុនា) ក្រុមការងាររបស់យើង ដឹកនាំដោយឯកឧត្តមឧប ស៊ុន ចាន់ថុល ត្រៀមចរចាជុំទី២ នៅសហរដ្ឋអាម៉េរិក»។
កម្ពុជា និងអាម៉េរិក បានជួបចរចាផ្ទាល់ជុំទី១ ពាក់ព័ន្ធនឹងពន្ធបដិការនេះកាលពីថ្ងៃទី១៣-១៥ ខែឧសភាកន្លងទៅ ដោយភាគីកម្ពុជាដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈភាគីអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លទ្ធផលនៃជំនួបជុំទី១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅ លើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
សូមរំឭកថាថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅបានប្រកាសដាក់ពន្ធលើទំនិញនាំចូលពីកម្ពុជារហូតដល់ ៤៩ភាគរយ ដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មរបស់ខ្លួនជាមួយកម្ពុជា ដែលមាន៩៧ភាគរយ។ កម្ពុជា ជាប្រទេសរងការដាក់ពន្ធខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ ពីរថ្ងៃបន្ទាប់ កម្ពុជាបានប្រកាសចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តាមរយៈទម្លាក់ពន្ធលើទំនិញនាំចូលអាម៉េរិក ចំនួន១៩ប្រភេទ ស្មើនឹងមុខទំនិញចំនួន៨៥ភាគរយពីអត្រាពន្ធ៣៥ភាគរយ មកនៅត្រឹម៥ភាគរយ។
នៅប៉ុន្មានម៉ោងក្រោយពន្ធគយទៅវិញទៅមក (Reciprocal Tariff) ចូលជាធរមាន ពោលគឺថ្ងៃទី៩ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social ដោយសម្រេចផ្អាកការអនុវត្តពន្ធគយលើបណ្តាប្រទេសច្រើងជាង៧៥ ហើយយកពន្ធគយត្រឹម ១០ភាគរយវិញ លើកលែងតែប្រទេសចិនប៉ុណ្ណោះ។
លោក ត្រាំ បញ្ជាក់ថា ការកាត់បន្ថយពន្ធគយ និងទុករយៈពេល ៩០ថ្ងៃនេះ គឺដោយសារទុកឱ្យបណ្តាប្រទេសទាំងនោះ ចរចា៕


