អុីរ៉ង់គំរាម​វាយ​ប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក និង​អាចបិទច្រកសមុទ្រអកម៉ូស

tikchhang

អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់​ Amir Hatami កំពុងពិនិត្យ​មើលផែនទីជាមួយ​មេទ័ពធំៗ ។ ថ្ងៃទី ២៣ មិថុនា​២០២៥ via REUTERS - Iranian Army

មួយថ្ងៃបន្ទាប់ពីកងទ័ពអាមេរិក​ បានបើកការវាយ​ប្រហារទៅលើទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ សំណួរបានចោទសួរជាច្រើន ថា​តើ​អ៊ីរ៉ង់​ អាចនឹងឆ្លើយតបវិញ​ដោយ​របៀបណា។ ច្រក​សមុទ្រអកម៉ូស ដែលជាផ្លូវដឹកជញ្ជូន​ដ៏សំខាន់មួយ​ នៃ​ចរាចរណ៍​ដឹកប្រេង អាចប្រឈមនឹង​ការបិទខ្ទប់ពីអ៊ីរ៉ង់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់​ទីផ្សារប្រេង​។ មូលដ្ឋានទ័ពរបស់អាមេរិក​ជាច្រើនទី​តាំង នៅតំបន់ដើម​បូព៌ា​ ក៏អាច​ជាផ្ទាំងស៊ីបរបស់អ៊ីរ៉ង់ដែរ។


នៅថ្ងៃចន្ទទី​២៣មិថុនា អ៊ីរ៉ង់បាន​ផ្ញើសារគំរាម​ទៅកាន់សហរដ្ឋអាមេរិក ថានឹង​ទទួល​រងនូវ​ផលវិបាកដ៏ធ្ងន់ធ្ងរ និងឈឺចាប់បំផុត ដោយសារតែទង្វើរបស់អាមេរិក បាន​វាយ​ប្រហារ​មក​លើ​ទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់​។ 

នៅក្នុងវីដេអូ ផ្សាយ​ដោយ​ទូរទស្សន៍ជាតិអ៊ីរ៉ង់ លោក Ebrahim Zolfaghari អ្នកនាំពាក្យ​កងទ័ពជាតិអ៊ីរ៉ង់ បាន​ប្រកាសថា ទង្វើរបស់អាមេរិក បាន​មកបើក​ផ្លូវឲ្យ​អ៊ីរ៉ង់​ ​អាចកំណត់កម្មវត្ថុ​ផ្ទាំងស៊ីប​វាយប្រហារដ៏ស្របច្បាប់ និងអាច​ធ្វើ​ឲ្យ​សង្គ្រាម​រាលដាល​ក្នុងតំបន់​។ អ្នកនាំពាក្យ​អ៊ីរ៉ង់រូបនេះ បាន​គំរាមទុកមុនថា កងប្រយុទ្ធអ៊ីស្លាម នឹងបើកប្រតិបត្តិការវាយប្រហារ​​ ​ជាមួយនឹងកម្លាំងខ្លាំងបំផុត វាយឆ្មក់មិន​ឲ្យដឹងមុន និង​ទៅលើទីតាំងគោលដៅ​ចំៗបំផុត​។

ចំណែក​កាលពីល្ងាចថ្ងៃអាទិត្យ​វិញ លោក Ali Akbar Velayati ទីប្រឹក្សាពិសេសរបស់អាយ៉ាតូឡាអ៊ីរ៉ង់ បានប្រកាសថា ចាប់ពីពេលនេះទៅ គ្មានកន្លែងណានៅតំបន់ដើមបូព៌ា ដែលអាមេរិកអាចនៅ​សុខ​បានតទៅ​ទៀតទេ។ ក្នុងន័យនេះ មន្ត្រី​​​អ៊ីរ៉ង់ខាងលើ បានគំរាមទុកជាមុនថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារ ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក​ នៅតំបន់ដើមបូព៌ា។

សូមបញ្ជាក់ថា នៅតំបន់ដើមបូព៌ាជុំវិញអ៊ីរ៉ង់ គឺមានមូលដ្ឋានទ័ពអាមេរិក​ជាច្រើនទីតាំង។ ក្នុងនោះមានដូចជា មូលដ្ឋានកងទ័ពជើងទឹកអាមេរិក​នៅ​បារ៉ែន ដែលមានបញ្ជាការដ្ឋានដ៏ធំមួយ និងនាវាចម្បាំង នាវាល្បាត​ធំៗជាច្រើនគ្រឿង។ នៅអ៊ីរ៉ាក់ បច្ចុប្បន្នមានទាហានអាមេរិកឈរជើងចំនួន ២៥០០នាក់ ដែលជា​​ផ្នែក​មួយនៃបេសកកម្ម​ប្រយុទ្ធប្រឆាំងក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម​។​ នៅកូវ៉ែត ក្រៅពីមានមូលដ្ឋាន​ទ័ពអាកាស Ali al Salem កងទ័ពអាមេរិក​ មានទីបញ្ជាការកងទ័ពជើងគោក ព្រមទាំង​មានឃ្លាំង​ស្តុក​សម្ភារៈ និងគ្រឿងសព្វាវុធដ៏ច្រើនសន្ធឹកផង។ នៅកាតាវិញ មូលដ្ឋានទ័ពអាកាស Al-Udeid ជាមួយនឹងយន្តហោះចម្បាំង យន្តហោះស៊ើបការណ៍ យន្តហោះ​ផ្គត់ផ្គង់​ និងយន្តហោះជម្លៀសកងកម្លាំងជាដើម​។ល។ រីឯនៅ​អេមីរ៉ាត អារ៉ាប់រួមវិញ អាមេរិក​មាន​យន្តហោះចម្បាំង​១០គ្រឿង ប្រចាំការ​នៅ​​មូលដ្ឋាន​ទ័ពអាកាស al-Dhafra ព្រមជាមួយ​នឹងដ្រូន​ទំនើបប្រភេទ MQ-9 Reapers ជាច្រើនគ្រឿងថែមទៀត។

ដោយ​ឡែក ការព្រួយបារម្ភធំមួយទៀតនោះ គឺចរាចរណ៍ដឹកប្រេងនៅច្រកសមុទ្រអកម៉ូស ស្ថិតនៅខាងត្បូងអ៊ីរ៉ង់។ អ៊ីរ៉ង់អាចនឹងសម្រេចបិទខ្ទប់ច្រកសមុទ្រនេះ ហើយអាចវាយប្រហារទៅ​លើនាវាដឹកប្រេងណា ដែលហ៊ាន​បើកឆ្លងកាត់​។ ១ភាគ​៥នៃ​ប្រេងឆៅទូតាំងពិភពលោក គេត្រូវដឹកចេញតាមច្រកនេះ។ យ៉ាងណាមិញ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​ប្រកាសអំពាវនាវកាលពី​ថ្ងៃអាទិត្យ ប្រាប់ឲ្យចិនត្រូវតែ​ចូលរួម​និយាយជាមួយអ៊ីរ៉ង់ ថាមិនត្រូវ​បិទច្រក​សមុទ្រ​អកម៉ូសជាដាច់ខាត។ សហរដ្ឋអាមេរិក​ដឹងថា​​ ចិន​ទិញប្រេងពីអ៊ីរ៉ង់ក្នុងទំហំដ៏ច្រើនសន្ធឹក ដូច្នេះសម្តី​របស់ចិន​អាចមាន​ទម្ងន់​ធ្វើ​ឲ្យអ៊ីរ៉ង់ពិចារណា​។

សូមបញ្ជាក់ថា​ កណ្តាលអាធ្រាត្រ​ឈានចូលថ្ងៃអាទិត្យ​ទី​២២មិថុនា កងទ័ពអាមេរិក​បាន​បើកប្រតិបត្តិការ ទម្លាក់​គ្រាប់បែក ទៅលើ​​ទីតាំង​នុយក្លេអែររបស់អ៊ីរ៉ង់ ចំនួន​៣ទីតាំង គឺស្ថានីយ៍​ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម Fordo ស្ថានីយ៍នុយក្លេអ៊ែរNatanz និងស្ថានីយ៍​Ispahan។ លោក​ដូណាល់ ត្រាំ បាន​ធ្វើសន្និសីទកាសែត អះអាងថា ទីតាំងនុយក្លេអ៊ែរ​ធំៗទាំង​៣​របស់អ៊ីរ៉​ង់​ ត្រូវបាន​កម្ទេចទាំងស្រុង​ហើយ​។

តែយ៉ាងណាក៏ដោយ លោក Rafael Grossi នាយកទីភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ AIEA បានលើកឡើងថា សម្រាប់ពេលនេះ គេមិន​ទាន់អាច​អះអាងអ្វីបានទេ ទាក់ទិននឹងទំហំនៃការខូចខាត​ស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់​។ លោក Rafael Grossi ​បានអំពាវនាវសុំឲ្យ​អ៊ីរ៉ង់ ​បើកផ្លូវ​ឲ្យអ្នកជំនាញ​​​AIEA អាចចូលទៅពិនិត្យ​មើលជាក់ស្តែង ជាពិសេសគឺ​ពិនិត្យ​មើល កន្លែងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនដល់​៦០% ដែលអ៊ីរ៉ង់មានប្រមាណ​៤០០គីឡូក្រាម​។

ដោយឡែក នៅព្រឹកថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល​បានអះអាងថា គេបាន​បាញ់​ប្លោងគ្រាប់បន្ថែមទៀត​ ទៅលើស្ថានីយ៍​នុយក្លេអ៊ែរ Fordo ដែលជាស្ថានីយ៍​ស្ថិតក្នុងជម្រៅថ្មភ្នំ​ប្រមាណ​៨០ម៉ែត្រ ហើយដែលគេត្រូវការគ្រាប់បែក​ GBU-57 របស់អាមេរិក​ដើម្បី​បើកផ្លូវ ចូលទៅបំផ្ទុះ​​ឲ្យ​បានជ្រៅ។​ កងទ័ពអ៊ីស្រាអែល​បញ្ជាក់ឲ្យដឹងដែរថា យប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ គេបាន​វាយប្រហារ​ទៅលើទីតាំងយោធា Kermanshah ស្ថិតនៅខាងលិចអ៊ីរ៉ង់៕

Comments