(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានធ្វើដំណើរទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលមានភាពតានតឹងជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើមេដឹកនាំក្រុមហាម៉ាសនៅលេីទឹកដីកាតា និងការពង្រីកផែនការតាំងទីលំនៅក្នុងតំបន់ West Bank។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៥។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនពេលចេញដំណើរ លោក Rubio បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនសប្បាយចិត្តទេចំពោះការវាយប្រហារនោះ។ លោក Rubio និយាយថាទំនាក់ទំនងអាមេរិក-អ៊ីស្រាអែលមិនរង្គោះរង្គេីរទេ ប៉ុន្តែថាលោកនឹងពិភាក្សាជាមួយអ៊ីស្រាអែលអំពីផលប៉ះពាល់ដល់បំណងប្រាថ្នារបស់លោក ត្រាំ ក្នុងការធានាដល់ការនាំចំណាប់ខ្មាំងត្រឡប់មកវិញ ការកម្ចាត់ពួកសកម្មប្រយុទ្ធ និងការបិទបញ្ចប់សង្គ្រាមហ្កាហ្សា។
គួរបញ្ជាក់ថា ក្រុមហាម៉ាស នៅតែសល់ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៤៨នាក់ទៀត នៅក្នុងដៃ ហើយកាតាគឺជាអ្នកសម្រុះសម្រួលរួមជាមួយសហរដ្ឋអាមេរិក ដេីម្បីឈានទៅរកការដោះលែងពួកគេ។ ការវាយប្រហាររបស់អ៊ីស្រាអែលលេីទីក្រុងដូហា ប្រទេសកាតាត្រូវបានមន្ត្រីអាមេរិកពណ៌នាថា វាជាការបង្កេីនភាពតាតឹងដោយឯកតោភាគី ដែលមិនបម្រើផលប្រយោជន៍អាមេរិក ឬអ៊ីស្រាអែលឡេីយ៕


