(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថាអ៊ីស្រាអែលនឹងបើកការវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើរងការគំរាមកំហែងពីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Israel Katz ធ្វើការព្រមានបែបនេះនៅឯពិធីបញ្ចប់ការសិក្សាមួយរបស់និស្សិតជាទាហានទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា «អាវុធរបស់អ៊ីស្រាអែលនឹងហោះទៅរកពួកអ្នកនៅក្នុងទីក្រុងតេហេរ៉ង់ Tabriz Isfahan និងនៅទីណាក៏ដោយ បើពួកអ្នកហ៊ានគំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល។ ប្រសិនបើយើងត្រូវបង្ខំឱ្យបើកការវាយប្រហារជាថ្មី នោះយើងនឹងធ្វើវាឱ្យចាស់ដៃជាទីបំផុត»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកធ្វើសង្រ្គាមអាកាសរយៈពេល ១២ថ្ងៃ ជាមួយអ៊ីរ៉ង់ កាលពីខែមិថុនា ក្រោមហេតុផលរារាំងកុំឱ្យតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ដោយបង្កឱ្យមានការព្រួយបារម្ភពី ហានិភ័យផ្ទុះទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ភាគីទាំង២ បានឈានដល់បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែមិថុនា។ អ៊ីរ៉ង់ តែងតែអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលសុទ្ធសាធ និងគ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរឡើយ៕


