រដ្ឋមន្ត្រីការបរទេសចិន សន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក មុនជំនួបកំពូល ត្រាំ-ស៊ី

tikchhang

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ ដោយយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកដើរមកជួបគ្នានៅពាក់កណ្តាលផ្លូវ ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបរវាងមេដឹកនាំទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ។


យោងតាមសេចក្តីប្រកាសរបស់ចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ «មានការប្រាស្រ័យទាក់ទងគ្នាជាយូរមកហើយ និងគោរពគ្នាទៅវិញទៅមក»។ លោកបានហៅទំនាក់ទំនងរវាងមេដឹកនាំទាំងពីរថាជា «ទ្រព្យសកម្មយុទ្ធសាស្ត្រដ៏មានតម្លៃបំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក»។


គួរបញ្ជាក់ថា ការសន្ទនានេះធ្វើឡើង មុនជំនួបដែលត្រូវបានគេរំពឹងទុក រវាងលោក ស៊ី និងលោក ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង។ ភាពតានតឹងផ្នែកពាណិជ្ជកម្មបានឆាបឆេះឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីចិនបានរឹតបន្តឹងការនាំចេញសារធាតុរ៉ែដីកម្រ ហើយអាមេរិកបានដាក់សម្ពាធតាមរយៈការដំឡើងថ្លៃសេវាកំពង់ផែបន្ថែមលើនាវារបស់ចិន៕

Comments