


ទីបំផុត វាំងននខ្មៅនៅពីក្រោយសោកនាកម្មធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤ ត្រូវលាតត្រដាងហើយ!
ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិអះអាងថា រុស្ស៊ី ជាអ្នកបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី កាលពីឆ្នាំ២០១៤ ផ្ដាច់ជីវិតមនុស្សប្រមាណ៣០០នាក់។
លោកអ្នកនាងប្រាកដជានៅចាំបានថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysian Airlines បានធ្លាក់កាលពីអំឡុងឆ្នាំ២០១៤ បង្កសោកនាដកម្មផ្ដាច់ជីវិតអ្នកដំណើរ និងអាកាសយានិកទាំងប្រមាណ ៣០០នាក់ គ្មានសល់សូម្បីតែម្នាក់។
ស្រាប់តែពេលនេះ ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ បានចេញមុខអះអាងកាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា គួរឱ្យភ្ញាក់ផ្អើលថា ប្រទេសរុស្ស៊ី គឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី ខាងលើដែលបានហោះឆ្លងកាត់ដែនអាកាសនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលកំពុងមានការវាយប្រយុទ្ធគ្នារវាងក្រុមផ្ដាច់ខ្លួន ដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារ ទី១៣ ខែឧសភា នេះ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង២៩៨នាក់រួមមានទាំងពលរដ្ឋហូឡង់ ១៩៦ នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ផងដែរ។ ទោះជាយ៉ាងណា ពេលនេះមិនទាន់មានការឆ្លើយតបពីភាគីរុស្ស៊ី នៅឡើយទេជុំវិញការចោទប្រកាន់នេះ៕


