សហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី

tikchhang

កម្ពុជា-រុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីសំណើសុំឱ្យកម្ពុជា ទទួលស្គាល់សហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្សី ជាសមាជិកគុនខ្មែរ និងល្បុក្កតោអន្ដរជាតិ សំដៅអភិវឌ្ឍក្បាច់គុនខ្មែរឲ្យកាន់តែខ្លាំង នៅប្រទេសរុស្ស៊ី។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា រវាង លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Konstantin Artyomov ជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី។

ខ្មែររុស្ស៊ី។


ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow បានរៀបចំឲ្យមានជំនួបរវាងប្រតិភូកីឡាគុនខ្មែរ និងគុនល្បុក្កតោមកពីប្រទេសរុស្ស៊ី ចូលជួបជាមួយភាគីកម្ពុជា ដែលមានលោក វ៉ាត់ ចំរើន ជាតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​ក្រសួងអប់រំ យុវជន និងកីឡា។ 

លោក Konstantin Artyomov អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី បានបញ្ជាក់ថា សហព័ន្ធកីឡានេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសខ្លួន ៣ឆ្នាំហើយ និង ​តែងតែចូលរួមប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកនៅកម្ពុជាដែរ។ ប៉ុន្តែសហព័ន្ធនេះ មិនទាន់ចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ នៅឡើយទេ។

ជាមួយនឹងការស្នើសុំអនុស្សរណៈយោគយល់ចូលជាសមាជិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ ប្រតិភូកីឡារុស្ស៊ីរូបនេះ ក៏ស្នើសុំការចូលជាសមាជិកសហព័ន្ធកី​ឡាគុន​ល្បុក្កតោដែរ។ អនុប្រធានសហព័ន្ធកីឡាគុនខ្មែររុស្ស៊ី បញ្ជាក់ថា ការចុះហត្ថលេខា MOU រវាង​ស្ថាប័នកីឡាកម្ពុជា និងរុស្ស៊ី បង្កើតការងាយស្រួលក្នុងការអភិវឌ្ឍវិស័យក្បាច់គុនខ្មែរ នៅប្រទេសរុស្ស៊ី ជាពិសេសក៏ទទួលបានការគាំទ្រពីក្រសួងកីឡាប្រទេសរុស្ស៊ីដែរ។ ជាក់ស្ដែង ការចុះMOU នេះ ក៏ត្រូវមានភាគីពាក់ព័ន្ធដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ។


ការចុះ MOU រវាងសហព័ន្ធប្រដាល់គុនខ្មែររុស្ស៊ី និងកម្ពុជា

នៅក្នុងពិធីចុះហត្ថលេខានេះ លោក វ៉ាត់ ចំរើន ជឿជាក់ថា តាមរយៈ MoU នេះកេរ្តិ៍ឈ្មោះរបស់វិស័យក្បាច់គុនខ្មែរ នឹងកាន់តែល្បីសុសសាយ ដ្បិត វានឹងត្រូវបានអភិវឌ្ឍ និងផ្សព្វផ្សាយកាន់តែទូលាយនៅក្នុងប្រទេសរុស្ស៊ី ដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។ លោក វ៉ាត់ ចំរើន ថ្លែងដូច្នេះថា៖

​«យើងមានយុទ្ធសាស្ដ្រ គឺយើង ប្រមូលប្រទេសមហាអំណាចទាំងអស់នោះ ឲ្យជាសមាជិករបស់យើង ព្រោះប្រទេសមហាអំណាច គឺជាប្រទេសដែលមានឥទ្ធិពលលើប្រទេសផ្សេងៗទៀត។ ដូច្នេះ គេអាចជួយពង្រីករបស់យើងបានលឿន។»។

បើតាមលោក វ៉ាត់ ចំរើន បច្ចុប្បន្ន សមាជិករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ មាន​ចំនួន ៧៥ប្រទេស និង១០ប្រទេសទៀត ជាសមាជិកសហព័ន្ធកីឡាគុនល្បុក្កតោ។ កម្ពុជា នឹងឈានដល់ការបើកសហព័ន្ធកីឡាគុនល្បុក្កតោពិភពលោក ដើម្បីត្រៀមខ្លួន​រៀប​ចំ ក៏ដូចជាការទទួលបានសិទ្ធិគ្រប់គ្រាន់ ក្នុងការដាក់ក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍​​កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩។

ប្រសិន​កម្ពុជា មិនមានសហព័ន្ធកីឡាអន្ដរជាតិ ដ៏រឹងមាំសម្រាប់កីឡាអត្ដសញ្ញាណទាំង ២​នេះទេ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺមិនអនុញ្ញាតឲ្យ​ដាក់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឡើយ។ លោក វ៉ាត់ ចំរើន បញ្ជាក់បែបនេះ មុននឹងបន្ថែមថា ៖«ប្រសិនជាយើង គ្មានសហព័ន្ធកីឡាអន្ដរជាតិរឹងមាំទេ គឺក្រុមប្រឹក្សាអូឡាំពិកអាស៊ី គេមានលក្ខខ័ណ្ឌមួយថា លុះត្រាតែយើងមានសហព័ន្ធអន្ដរជាតិច្បាស់លាស់។ ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងត្រូវ ធ្វើយ៉ាងណាឲ្យកីឡាអត្ដសញ្ញាណជាតិរបស់យើង ចូលទៅក្នុងការប្រកួតកីឡា ដើម្បីពង្រីកឥទ្ធិពល នៃវប្បធម៌ជាតិ និងកីឡាអត្ដសញ្ញាណជាតិ ទៅលើឆាកអន្ដរជាតិ ព្រោះជាគោលដៅនៃការអភិវឌ្ឍជាតិរបស់យើង តាមរយៈវិស័យកីឡា។»៕

Comments