(ហ្ស៊េរុយសាឡិម)៖ ក្រុមមន្ត្រីសង្រ្គោះបន្ទាន់របស់អ៊ីស្រាអែល នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា បានឱ្យដឹងថាមនុស្សយ៉ាងហោច ៣នាក់ បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីលពីអ៊ីរ៉ង់លើភាគខាងត្បូងអ៊ីស្រាអែល មុនពេលមានការរំពឹងថាបទឈប់បាញ់រវាងប្រទេសទាំង២អាចនឹងចាប់ផ្ដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារសង្រ្គោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom ឬហៅកាត់ថា MDA បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «បន្ទាប់ពីការវាយប្រហារដោយមីស៊ីលលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល មកទល់នឹងពេលនេះ ក្រុមការងារ MDA បានប្រកាសថាមានមនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់គួរសម ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស៦នាក់ផ្សេងទៀតរងរបួសស្រាល ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ត្រាំ ប្រកាសថាអ៊ីរ៉ង់ និងអ៊ីស្រាអែលឈានដល់បទឈប់បាញ់ពេញលេញ និងទាំងស្រុង បន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតាកាលពីថ្ងៃចន្ទ៕


