រុស្ស៊ីវាយប្រហារអ៊ុយក្រែន ជាមួយយន្តហោះដ្រូនរហូតដល់ជាង៧០០គ្រឿង

tikchhang

(កៀវ)៖ នៅថ្ងៃពុធ ទី៩ ខែកក្កដា ទីក្រុងកៀវបានអះអាងថា រុស្ស៉ីបានបើកការវាយប្រហារធំបំផុតដោយយន្តហោះដ្រូននិងមីស៊ីល ដែលជាចម្បងផ្តោតមកលើតំបន់ភាគខាងលិចអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់ថា រុស្ស៊ីបានប្រើដ្រូនសរុប៧២៨គ្រឿង និងមីស៉ីល១៣គ្រាប់ ក្នុងការវាយប្រហាររបស់ខ្លួន ប៉ុន្តែ​ភាគច្រើនក្នុងចំណោមនោះ គឺដ្រូន៧១១គ្រឿង ត្រូវបានបាញ់ស្ទាក់ ហើយមីស៊ីលយ៉ាងហោច៧គ្រាប់ ត្រូវបានកម្ទេច។ ចំនួនដ្រូននិងមីស៊ីលខាងលើដែលរុស្ស៉ីប្រើប្រាស់ ដើម្បីវាយប្រហារមកលើអ៊ុយក្រែន បំបែកកំណត់ត្រាចាស់ កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន ជាមួយដ្រូននិងមីស៊ីលសរុបចំនួន៥៥០។

គួរបញ្ជាក់ថា ជាថ្មីម្តងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្តអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាពិសេសវិស័យថាមពល ដែលបានបម្រើជាប្រភពចំណូលដ៏សំខាន់បំផុតមួយ សម្រាប់កិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៉ី៕

Comments