នៅទីលានធានអានមេន កាលពីឆ្នាំ ១៩៨៩។ AP - Sadayuki Mikami
ថ្ងៃទី៤ មិថុនា ជាទិវាខួបរំឭកគម្រប់ ៣៦ ឆ្នាំ នៃព្រឹត្តិការណ៍បង្ក្រាបបាតុកម្មយ៉ាងហិង្សា ពី សំណាក់យោធាចិន នៅទីលានធានអានមេនក្នុងក្រុងប៉េកាំង។ ក្នុងឱកាសរំឭកខួបឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក និងប្រធានាធិបតីតៃវ៉ាន់ បានអំពាវនាវក្នុងសំឡេងតែមួយ កុំឲ្យ បំភ្លេចព្រឹត្តិការណ៍បង្ក្រាបបាតុករស្លូតត្រង់ កាលពីថ្ងៃទី៤ មិថុនា ១៩៨៩។ តែរដ្ឋអំណាច ក្រុងប៉េកាំងបានប្រតិកម្ម ខឹងនឹងសម្តីប្រមុខទូតអាមេរិក ដោយចាត់ទុកថា វ៉ាស៊ីនតោន កំពុងតែលូកដៃជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ចិន។
ព្រឹត្តិការណ៍បង្ក្រាបបាតុករយ៉ាងហិង្សានៅទីលានធានអានមេន ជាសំណុំរឿងដ៏រសើប និង ដែលត្រូវគេយកមករិះគន់រដ្ឋអំណាចចិនជារឿយៗ នៅរៀងរាល់ឆ្នាំ ឲ្យតែដល់ខែ មិថុនា ម្តងៗ។ ប្រមុខការទូតអាម៉េរិក ម៉ារកូ រ៉ូប៊ីយ៉ូ បានប្រកាសថា ពិភពលោក នឹងមិនភ្លេច ព្រឹត្តិការណ៍បង្ក្រាបបាតុករកាលពីថ្ងៃទី៣ និងទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នោះឡើយ បើទោះ បីជារដ្ឋអំណាចចិនខំប្រឹងបិទបាំងយ៉ាងណាក្តី។ រដ្ឋកុម្មុយនិស្តចិន មិនត្រឹមតែសម្លាប់អ្នក ទាមទារសេរីភាពកាលពី៣៦ឆ្នាំមុនប៉ុណ្ណោះទេ តែថែមទាំងបានធ្វើទុក្ខបុកម្នេញ អ្នកទាម ទារយុត្តិធម៌សព្វថ្ងៃនេះទៀតផង។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍ របស់ ក្រសួងការបរទេសអាមេរិក។
រដ្ឋអំណាចចិនប្រតិកម្មមិនសប្បាយចិត្តនឹងប្រមុខទូតអាម៉េរិកដោយចាត់ទុកថា អាម៉េរិក កំពុងតែលូកដៃជ្រៀតជ្រែងកិច្ចការផ្ទៃរបស់ចិនក្នុង។
ក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅក្រុងប៉េកាំងនាថ្ងៃពុធ ទី៤ មិថុនានេះ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកលីន ជាំង បានបញ្ជាក់ថា រដ្ឋាភិបាលចិនមានក្តីទោសមនស្សជាខ្លាំង និងបដិសេធដាច់អហង្ការចំពោះការលើកឡើងរបស់ភាគីអាម៉េរិក។ ចំពោះប៉េកាំង ប្រសាសន៍របស់ប្រមុខទូតអាម៉េរិក គឺខុសទាំងស្រុងទៅនឹងដំណើរប្រវត្តិសាស្ត្រ ហើយមាន ចេតនាវាយប្រហារលើប្រព័ន្ធនយោបាយ និងដំណើរអភិវឌ្ឍន៍របស់ចិន។
គួររំឭកថា កាល ៣៦ ឆ្នាំមុន ពោលក្នុងថ្ងៃទី៤ មិថុនា ១៩៨៩ រដ្ឋអំណាចចិនប៉េកាំង បាន បញ្ជូនកងរថគ្រោះ និងយោធាទៅបង្ក្រាបហ្វូងបាតុករនៅទីលានធានអានមេន ទល់មុខ វិមានប្រជាជនចិនសព្វថ្ងៃដែលបណ្តាលឲ្យស្លាប់បាតុកររាប់ពាន់នាក់។ ជនរងគ្រោះកាល ណោះ ភាគច្រើនជានិស្សិត និងកម្មករដែលបានតវ៉ាទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ កែប្រែរបបនយោបាយ និងលុបបំបាត់អំពើពុករលួយ។ល។ រហូតមកទល់ពេលនេះ គ្មាននរណាបានដឹងច្បាស់ពីចំនួនអ្នកស្លាប់ពិតប្រាកដ ហើយរដ្ឋអំ ណាចចិន ក៏មិនដែលពោលពាក្យសុំអភ័យទោស សូម្បីតែមួយម៉ាត់ក៏គ្មានដែរ។
តែនៅទីលានសេរីភាពក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង ទឿ បានរៀបចំប្រារព្ធពិធីចងចាំព្រឹត្តិការណ៍បង្ក្រាបបាតុករនៅធានអានមេន។ លោក ឡៃ ឈីងទឿ បានប្រកាសតាមប្រព័ន្ធហ្វេសប៊ុក ដោយរិះគន់ចិនថា រដ្ឋាភិបាលផ្តាច់ការតែងតែបិទខ្ទប់ការពិតរបស់ប្រវត្តិសាស្ត្រ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំភ្លៃ និងបំភ្លេចការពិត។ នេះគឺផ្ទុយពីសង្គមប្រជាធិបតេយ្យដែលតែងតែរក្សាការពិត ហើយជំទាស់នឹងការបំភ្លេចមនុស្សដែលបានចូលរួមដើម្បីទាមទារសិទ្ធិសេរីភាព។
ប្រធានាធិបតី ឡៃ ឈីងទឿ អះអាងទៀតថា តៃវ៉ាន់តែងតែរំឭកចងចាំចំពោះបុព្វបុរស និងរៀមច្បងដែលបានលះបង់ដើម្បីឲ្យអ្នកជំនាន់ក្រោយបានស្គាល់តម្លៃសេរីភាព ហើយតៃវ៉ាន់ក៏មិនបណ្តោយឲ្យនរណាបំផ្លាញប្រជាធិបតេយ្យ ដែលបានមកដោយលំបាកនោះដែរ។
នៅក្រុងប៉េកាំងនាឱកាសខួបរំឭកឆ្នាំនេះ រដ្ឋអំណាចបានដាក់កម្លាំងប៉ូលិសយាមកាម តឹង តែងនៅអតីតទីលានធានអានមេន និងនៅហុងកុង។ ទោះជាយ៉ាងនេះក្តី ក៏មានសកម្មជន សិទ្ធិមនុស្សចិន និងមេធាវីដែល រដ្ឋអំណាចក្រុងប៉េកាំង ចាប់ឃុំបានប្រកាសធ្វើកូដកម្ម បង្អត់អាហារ នៅក្នុងពន្ធនាគារ ដើម្បីជាការបង្ហាញសកម្មភាពឲ្យគេយកចិត្តទុកដាក់ ស្វែងរកយុត្តិធម៌ដល់បាតុករស្លាប់រាប់ពាន់នាក់កាលពី៣៦ឆ្នាំមុន៕


