ពាក្យថា «ឥទ្ធិពល» ខុសពីពាក្យថា «អំណាច»។ អំណាចគឺការបង្ខំឱ្យគេធ្វើតាមព្រោះតែតួនាទី (ដូចជាចៅហ្វាយនាយបញ្ជាកូនចៅ) ប៉ុន្តែឥទ្ធិពល គឺជាសិល្បៈនៃការធ្វើឱ្យអ្នកដទៃគោរព ជឿជាក់ និងចង់ដើរតាមអ្នកដោយស្ម័គ្រចិត្ត។ មិនថាអ្នកជានរណាទេ អ្នកអាចក្លាយជាមនុស្សដែលមានឥទ្ធិពលបាន ប្រសិនបើអ្នកកសាងចំណុចទាំង ៤ នេះ៖
១. ផ្តល់ “តម្លៃ” មុននឹងរំពឹងការតបស្នង
មនុស្សដែលមានឥទ្ធិពល គឺជាមនុស្សដែលមានប្រយោជន៍ដល់អ្នកដទៃ ដូចជាចែករំលែកចំណេះដឹង ដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ។ នៅពេលអ្នកក្លាយជាអ្នកដោះស្រាយបញ្ហា មនុស្សនឹងរត់មករកអ្នកដោយឯកឯង។ល។
២. ធ្វើជា “អ្នកស្តាប់” ដ៏ពូកែ
អ្នកដែលមានឥទ្ធិពល គឺជាអ្នកដែលចេះធ្វើឱ្យគូសន្ទនាមានអារម្មណ៍ថាខ្លួនសំខាន់។ ដូចនេះនៅពេលនិយាយជាមួយនរណាម្នាក់ ចូរស្តាប់ដោយយកចិត្តទុកដាក់។ នោះមនុស្សទាំងនោះនឹងស្រឡាញ់ និងគោរពអ្នក បើពួកគេមានអារម្មណ៍ថាអ្នកយល់ពីពួកគេ។
៣. រក្សា “សច្ចៈ” និងភាពស្មោះត្រង់
ឥទ្ធិពលត្រូវបានកសាងនៅលើគ្រឹះនៃ ទំនុកចិត្ត។ ដូចនេះធ្វើអ្វីដែលអ្នកនិយាយ ហើយបើអ្នកសន្យាត្រូវតែធ្វើឱ្យបាន។ ភាពស្មោះត្រង់របស់អ្នក (សូម្បីតែក្នុងរឿងតូចតាច) នឹងធ្វើឱ្យពាក្យសម្ដីរបស់អ្នកមានឥទ្ធិពលនៅពេលដែលអ្នកនិយាយ។
៤. ជួយអ្នកដទៃឱ្យរីកចម្រើន
ឥទ្ធិពលពិតប្រាកដមិនមែនជាការជាន់គេដើម្បីឱ្យខ្លួនឯងខ្ពស់នោះទេ តែជាការលើកអ្នកដទៃឱ្យខ្ពស់ជាមួយគ្នា។ ព្រោះនៅពេលអ្នកជួយឱ្យអ្នកដទៃរីកចម្រើន ពួកគេនឹងក្លាយជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់អ្នក ហើយឥទ្ធិពលរបស់អ្នកនឹងរីកធំឡើងតាមរយៈពួកគេ។



