សាមគ្គីនាំមកនូវជ័យជម្នះ


ការរួបរួមគ្នានាំមកនូវសេចក្តីសម្រេចទាំងឡាយ និងជាកម្លាំងដ៏ខ្លាំងក្លា ដែលអាចកសាងសេចក្តីចម្រើនលូតលាស់គ្រប់វិស័យ។ សាមគ្គីភាព គឺជាគោលការណ៍ ដែលបុគ្គលគ្រប់រូប គ្រប់វណ្ណៈក្នុងសង្គម គប្បីឈ្វេងយល់ និងយកចិត្តទុកដាក់ ហើយសហការគ្នា ដើម្បីកសាងនូវស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ។


បើសង្គមណាជួបនូវការបែកបាក់ ហើយចង់បង្រួបបង្រួមផ្សះផ្សាគ្នាឡើងវិញ នោះប្រជាពលរដ្ឋក្នុងសង្គមនោះ គប្បីដើរតាមមាគ៌ាដែលនាំមកនូវសាមគ្គីភាព ។


មាគ៌ាដែលត្រួសត្រាយផ្លូវនាំឲ្យកើតសាមគ្គីភាព មាន ៦យ៉ាងគឺ៖

១. ចិត្តប្រកបដោយមេត្តា៖ ការគិតល្អ សម្លឹងមើលគ្នាក្នុងផ្លូវល្អ មានចេតនាល្អ និងបំណងល្អចំពោះគ្នា ស្រឡាញ់រាប់អានគ្នា គិតជួយស្ថាបនាគ្នា ដោយមិនច្រណែនគ្នា មិនគិតដោយអគតិចំពោះគ្នា មិនគិតព្យាបាទគ្នា មិនខឹងគ្នា ចេះអភ័យទោសចំពោះគ្នា ។

២. ការពោលពាក្យប្រកបដោយមេត្តា៖ ការនិយាយល្អចំពោះគ្នា និយាយគ្នាដោយសេចក្តីស្រឡាញ់រាប់អាន ចេះប្រើសម្តីឲ្យកម្លាំងចិត្តគ្នាក្នុងគ្រាដែលអ្នកដទៃជួបសេចក្តីទុក្ខលំបាក និយាយណែនាំក្នុងផ្លូវល្អ និងមានប្រយោជន៍ តែមិនត្រូវនិយាយជាន់ពន្លិចបន្ថែម និងមិននិយាយដើមពីក្រោយខ្នង ឬមិនកុហកបោកប្រាស់ ។

៣. ការប្រព្រឹត្តប្រកបដោយមេត្តា៖ ការធ្វើល្អចំពោះគ្នា ជ្រោមជ្រែងគ្នាខាងកម្លាំងទ្រព្យ ឬកម្លាំងកាយ មានសេចក្តីឱនលំទោនចំពោះគ្នា ចេះគោរពគ្នា ធ្វើល្អចំពោះគ្នារហូត ដោយមិនត្រូវបៀតបៀនគ្នា និងមិនធ្វើបាបគ្នា។

៤. ការចែករំលែក៖ ការចែករំលែកដោយយុត្តិធម៌ អើពើគ្នាជានិច្ច ជួយអនុគ្រោះគ្នា ដោយមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងមិនយកប្រៀបគ្នា ។

៥. ការគោរពច្បាប់និងសិទ្ធិសេរីភាពអ្នកដទៃ៖ ការបដិបត្តិតាមច្បាប់របស់រដ្ឋ បទបញ្ជា ឬ បទវិន័យផ្សេងៗរបស់ស្ថាប័ន និងគោរពសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប ។

៦. ការបង្រួបបង្រួមទស្សនៈ៖ ការយល់ឃើញស្របគ្នា គិតក្នុងគោលដៅដូចគ្នា សម្រួលគំនិតឲ្យត្រូវគ្នា ស្វែងរកចំណុចរួម និងរក្សាទុកចំណុចផ្សេងរបស់គ្នានិងគ្នា ដោយមិនគួរប្រកាន់ខ្ជាប់តែការយល់ឃើញរបស់ខ្លួនជាធំ តែត្រូវចេះស្តាប់មតិយោបល់របស់អ្នកដទៃ ។

៦យ៉ាងនេះ អាចបង្កើតឲ្យមានសាមគ្គីភាព ស្ថិរភាព សុខសន្តិភាព និងវឌ្ឍន៍ភាពទាំងពួង ក្នុងសង្គម ។


បុរាណាចារ្យខ្មែរ បានពោលទុកថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»៕


Comments