ស្នេហាគឺជាអ្វី?

wutthi


រឿងប្រលោមលោកប្រតិដ្ឋបរទេសខ្នាតខ្លី


ស្នេហាគឺជាអ្វី?


នៅពេលដែលស្រុកកើតសង្គ្រាម សិស្សទាំងឡាយដែលបានបញ្ចប់ការសិក្សា ត្រូវចូលទៅបម្រើកាតព្វកិច្ចយោធាសិន ហើយខ្ញុំក៏ស្ថិតនៅក្នុងកងមួយ ដែលមានគូដណ្ដឹងរបស់ខ្ញុំ គឺជាមេកងប្រយុទ្ធ។


ក្នុងសមរភូមិដ៏ក្ដៅគគុក ទ័ពសត្រូវបានព័ទ្ធជាប់កងទ័ពរបស់យើង ហើយយេីងបានសម្រេចបើកផ្លូវឈាម ដើម្បីរកច្រកចេញ តែកាំភ្លើងយន្តរបស់សត្រូវបានព្រួសគ្រាប់ដូចទឹកភ្លៀង បានរារាំងយើងមិនអាចឲ្យយើងរកច្រកចេញរួចឡើយ។


លោកមេកងបានសម្រេចជ្រើសរើសយុទ្ធជនម្នាក់ ដែលត្រូវលះបង់ជីវិត ដើម្បីកម្ទេចកាំភ្លើងយន្តរបស់សត្រូវ។


ដើម្បីឲ្យមានយុត្តិធម៌ គាត់បានកាច់ក្បាលគ្រាប់កាំភ្លើងមួយគ្រាប់ចោល ហើយដាក់ក្នុងមួកឲ្យកូនទាហានទាំងអស់ចាប់។


មេកងបានដាក់លក្ខខណ្ឌថា ប្រសិនបើនរណាចាប់បានគ្រាប់ឥតក្បាលនេះ គឺត្រូវចូលទៅកម្ទេចកាំភ្លើងយន្តសត្រូវ។ កូនទាហានចាប់បានសុទ្ធសឹងតែគ្រាប់មានក្បាល ហើយគ្រាប់កាំភ្លើងនៅតែពីរគ្រាប់សម្រាប់ខ្ញុំនិងគូដណ្ដឹង។ គាត់លូកដៃចាប់រួចបើកដៃមើល ហើយពោលថា៖


-" ខ្ញុំចាប់បានគ្រាប់ឥតក្បាលហើយ"។


គាត់គ្រវាត់គ្រាប់ឥតក្បាលនោះ ចោលទៅឆ្ងាយ ហើយយកគ្រាប់នៅសល់មួយគ្រាប់ទៀត មកញាត់ចូលក្រោមផ្ទាំងថ្មដ៏ធំមួយ។ គាត់លូនចូលទៅបោកគ្រាប់បែកកម្ទេចកាំភ្លើងយន្តខ្មាំងដោយជោគជ័យ តែគាត់ក៏បានពលីជីវិត នាពេលនោះដែរ។


ពេលវេលាបានកន្លងទៅជាច្រេីនឆ្នាំ ក្រោយពេលសង្គ្រាមចប់ ខ្ញុំបានទៅកន្លែងសមរភូមិដែលគាត់បានបាត់បង់ជីវិត ដើម្បីរំឮកអនុស្សាវរីយ៍ ហើយខ្ញុំបានឃើញផ្ទាំងថ្មដ៏ធំនោះ។


ស្រាប់តែខ្ញុំនឹកឃើញគ្រាប់កាំភ្លើងនៅសល់មួយគ្រាប់ ដែលគូដណ្ដឹងរបស់ខ្ញុំ បានញាត់ក្រោមផ្ទាំងថ្ម ហើយខ្ញុំក៏លូកដៃរាវរកចាប់យកគ្រាប់កាំភ្លើងនោះ។


ពុទ្ធោ! គ្រាប់នោះឥតមានក្បាលឡេីយ គឺវាមានន័យថា អ្នកដែលត្រូវទៅកម្ទេចកាំភ្លើងយន្តមិនមែនជាគាត់ទេ គឺខ្ញុំ! គាត់សុខចិត្តស្លាប់ជំនួសខ្ញុំ!


តើស្នេហាគឺជាអ្វី? ស្នេហាគឺជាការលះបង់អ្វីគ្រប់បែបយ៉ាង សូម្បីតែជីវិតផ្ទាល់ខ្លួនដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយមិនចាំបាច់ឲ្យនរណាម្នាក់បានដឹងឡើយ។


តេីលោកអ្នកហ៊ានស្លាប់ដេីម្បីមនុស្សជាទីស្រឡាញ់របស់លោកអ្នកដែរឬទេ?


"ចប់បរិបូណ៌"

Comments